(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភពិសេសដល់បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត នៅតាមភូមិស្រុកទូទាំងប្រទេសច្រើនជាង ១លាននាក់ ដោយក្នុងម្នាក់ៗទទួលបាន ៣,៥០០បាត ឬស្មើនឹង ១១២.៥៧ដុល្លារអាមេរិក។ នេះបើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលថៃម្នាក់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោកស្រី ផាន់ប្រាផា យ៉ុងត្រាគុល (Panprapa Yongtrakul) លោក ប្រាយុទ្ធ បានផ្ដល់ប្រាក់ឧបត្ថម្ភខាងលើដល់បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត នៅតាមភូមិនានានៅទូទាំងប្រទេសចំនួន ១.០៥លាននាក់ ដែលបាននិងកំពុងប្រឹងប្រែងធ្វើការងារដឹកនាំ យុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតជំងឺ COVID-19។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រាក់ទាំងនេះត្រូវបានផ្ទេរចូលគណនីធនាគាររបស់បុគ្គលិកសុខាភិបាលស្ម័គ្រចិត្តម្នាក់ៗ ដោយគ្របដណ្ដប់លើការចំណាយចាប់ពីខែមីនា ដល់ខែកញ្ញា ពោលគឺជាមធ្យមក្នុងម្នាក់ទទួលបានប្រាក់ ៥០០បាត ឬ ១៦.០៨ដុល្លារក្នុងមួយខែ។
បន្ថែមពីលើនេះរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ក៏បានរៀបចំដំណើរកម្សាន្តនៅក្នុងស្រុក សម្រាប់បុគ្គលិកសុខាភិបាលស្ម័គ្រចិត្តទាំងអស់ ជាមួយប្រាក់ឧបត្ថម្ភមួយចំនួនពីលើនេះថែមទៀតផងដែរ។ ក្នុងនាមជាប្រទេសមានវិស័យទេសចរណ៍ រីកចំរើនជាងគេក្នុងតំបន់អាស៊ាន និងតែងទទួលបានភ្ញៀវទេសចរបរទេស រាប់សិបលាននាក់ក្នុងមួយឆ្នាំៗនោះ ប្រទេសថៃត្រូវបានចាត់ទុកថា បានទទួលជោគជ័យនៅក្នុងការទប់ស្កាត់ការរាតត្បាត COVID-19 ទាន់ពេល និងប្រកបដោយប្រសិទ្ធភាព។ គិតត្រឹមថ្ងៃចន្ទ ទី២១ ខែកញ្ញានេះ ប្រទេសថៃមានករណីឆ្លងសរុបជាង ៣,៥០០ករណីក្នុងនោះស្លាប់ ៥៩នាក់ និងជាសះស្បើយវិញ ៣,៣៤២នាក់៕