(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ប្រកាសដាក់ឱ្យអនុវត្តឡើងវិញជាលក្ខណៈឯកតោភាគីនូវទណ្ឌកម្មក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងអ៉ីរ៉ង់ ជាមួយការព្រមានដែរថាបណ្ដាប្រទេសទាំងឡាយណាដែលមិនបានចូលរួមអនុវត្តការដាក់ទណ្ឌកម្មនេះ អាចនឹងប្រឈមមុខនឹងទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។
ការប្រកាសដាក់ឱ្យអនុវត្តឡើងវិញជាលក្ខណៈឯកតោភាគីនូវទណ្ឌកម្មក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងអ៉ីរ៉ង់ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ កាលពីថ្ងៃអាទិត្យម្សិលមិញ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលដូច្នេះថា៖ «បើសិនជាប្រទេសជាសមាជិក UN ណាមួយ មិនបានបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការអនុវត្តការដាក់ទណ្ឌកម្មនេះទេនោះ សហរដ្ឋអាមេរិកនឹងប្រើប្រាស់អំណាចផ្ទាល់ខ្លួន ដើម្បីដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណាដែលមិនបានបំពេញកាតព្វកិច្ចនេះ និងធានាឱ្យបានថាអ៉ីរ៉ង់មិនអាចទាញផលប្រយោជន៍ពីសកម្មភាពដែលត្រូវបានហាមឃាត់ដោយ UN»។
រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បន្ថែមថាការប្រកាសដាក់ឱ្យអនុវត្តឡើងវិញនូវទណ្ឌកម្មក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងអ៉ីរ៉ង់ គឺដោយសារតែទីក្រុងតេហេរ៉ង់បាននិងកំពុងធ្វើសកម្មភាពបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ដែលអាមេរិកបានដកខ្លួនចេញកាលពីឆ្នាំ២០១៨។ ក៏ប៉ុន្តែសហគមន៍អន្តរជាតិ ក្នុងនោះរួមមានទាំងសម្ព័ន្ធមិត្តជិតស្និទរបស់ទីក្រុងវ៉ាស៊ីនតោន បានសម្ដែងការជំទាស់នឹងការសម្រេចចិត្តឯកតោភាគីរបស់សហរដ្ឋអាមេរិក ដោយអះអាងថាវាមិន មានមូលដ្ឋានច្បាប់ត្រឹមត្រូវ។
គួរជម្រាបថា ការប្រកាសដាក់ឱ្យអនុវត្តឡើងវិញនូវទណ្ឌកម្មក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងអ៉ីរ៉ង់ កើតមានឡើងក្រោយសហរដ្ឋអាមេរិកបរាជ័ ក្នុងការបញ្ចុះបញ្ចូលឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តសុពលភាពលើការដាក់ទណ្ឌកម្មអាវុធលើអ៉ីរ៉ង់ ខណៈទណ្ឌកម្មនេះនឹងត្រូវអស់សុពលភាពនៅខែតុលាខាងមុខនេះ៕