(ស៉ីដនី)៖ ប្រទេសចិននឹងបាត់បង់សិទ្ធិក្នុងការប្រើប្រាស់ស្ថានីយតាមដានទីអវកាសមួយ នៅឯប្រទេសអូស្រ្តាលី ក្រោយកិច្ចសន្យាបច្ចុប្បន្នអស់សុពលភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។
ក្រុមហ៊ុនអវកាសស៊ុយអ៊ែត ហៅកាត់ថា SSC បានចុះកិច្ចសន្យាអនុញ្ញាតឲ្យទីក្រុងប៉េកាំងប្រើប្រាស់អង់តែនផ្កាយរណប នៅឯស្ថានីយផ្ទាល់ដីរបស់ខ្លួន ដែលមានមូលដ្ឋាននៅរដ្ឋអូស្រ្តាលីខាងលិចតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ហើយវាស្ថិតនៅក្បែរស្ថានីយ៍ផ្កាយរណបមួយផ្សេងទៀត ដែលសហរដ្ឋអាមេរិក ជាពិសេសទីភ្នាក់ងារអវកាស NASA ប្រើប្រាស់ជាចម្បងផងដែរ។
ក្រុមហ៊ុន SSC ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលស៊ុយអែត បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាក្រុមហ៊ុននឹងមិនចុះកិច្ចសន្យាថ្មីជាមួយភាគីចិន ឲ្យបន្តប្រើប្រាស់ស្ថានីយផ្កាយរណបរបស់ខ្លួននៅអូស្រ្តាលីទៀតនោះទេ បន្ទាប់ពីកិច្ចសន្យាបច្ចុប្បន្នផុតកំណត់។ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីកាលបរិច្ឆេទផុតកំណត់ឲ្យច្បាស់លាស់នោះទេ។ បើយោងតាមការឆ្លើយតបតាមអ៉ីម៉ែល ក្រុមហ៊ុន SSC បានគូសបញ្ជាក់ថា ដោយសារភាពស្មុគស្មាញនៃទីផ្សារចិន និងស្ថានភាពភូមិសាស្ត្រនយោបាយជារួមនាពេលបច្ចុប្បន្នជា ក្រុមហ៊ុនបានសម្រេចចិត្តផ្តោតទៅលើទីផ្សារផ្សេងទៀតវិញ សម្រាប់ឆ្នាំតៗទៅមុខ។
សូមបញ្ជាក់ផងដែរថា ស្ថានីយផ្កាយរណបខាងលើជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអវកាស SSC Space Australia ដែលជាបុត្រសម្ព័ន្ធរបស់ SSC។ ជុំវិញដំណឹងនេះ រដ្ឋាភិបាលអូស្រ្តាលីមិនបាន ឆ្លើយតបភ្លាមៗចំពោះការស្នើសុំធ្វើអត្ថាធិប្បាយនោះទេ។ ទន្ទឹងគ្នានេះ ក្រសួងការបរទេសចិនក៏មិនបានឆ្លើយតបចំពោះសុំស្នើសុំធ្វើអត្ថាធិប្បាយពីទីភា្នកងារព័ត៌មាន Reuters ផងដែរ។
ដោយឡែក បើយើងគិតមើលវិញ អូស្រ្តាលីគឺជាប្រទេសសម្ព័ន្ធមិត្តរឹងមាំបំផុតមួយរបស់សហរដ្ឋអាមេរិក ហើយប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការររួមគ្នាលើកម្មវិធីស្រាវជ្រាវ និងរុករកអវកាសផងដែរ ស្របពេលដែលទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងទីក្រុងកង់បេរ៉ា ជាមួយទីក្រុងប៉េកាំងកំពុងតែប្រេះឆា។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សមត្ថភាពនៃវិស័យអវកាសរបស់ចិន ត្រូវបានគេមើលឃើញថាមានការរីកចម្រើនគួរឲ្យកត់សំគាល់។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ប្រទេសចិនបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្កាយរណបកំណត់ទីតាំង Beidou ដែលជាប្រព័ន្ធផ្កាយរណបទំនើបចុងក្រោយបង្អស់របស់ខ្លួន នៅចំពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកំពុងតែកើនឡើងសឹងតែលើគ្រប់បញ្ហាចាប់តាំងពីបច្ចេកវិទ្យារហូតដល់ពាណិជ្ជកម្ម ព្រមទាំងបញ្ហាសមុទ្រចិនខាងត្បូងជាដើម៕