(ញូដេលី)៖ យន្តហោះចម្បាំងរ៉ាហ្វាល់ (Rafale) ដែលឥណ្ឌាទើបទទួលបានពីបារាំងក្តៅៗនោះ នៅពេលនេះត្រូវបានយកទៅហោះហើរសាកល្បង នៅជិតតំបន់ព្រំដែនជាមួយចិនហើយ កាលពីថ្ងៃចន្ទម្សិលមិញ (ពេលវេលានៅញូដេលី)។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។
កាលពីពេលថ្មីៗនេះ ឥណ្ឌាទើបតែធ្វើពិធីទទួលស្វាគមន៍ជាផ្លូវការ ចំពោះយន្តហោះប្រយុទ្ធ Rafale ចំនួន ០៥គ្រឿង ដែលខ្លួនទទួលបានជាកញ្ចប់ដំបូង ពីកិច្ចព្រមព្រៀងទិញសរុប ៣៦គ្រឿងពីប្រទេសបារាំង ដែលមានតម្លៃសរុប ៩.៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងពិធីទទួលស្វាគមន៍យន្តហោះចម្បាំង Rafale ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅថ្មីៗនេះ និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសបារាំងផងដែរនោះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក រ៉ាច់ណាត សិង្ហ (Rajnath Singh) បានលើកឡើងថា «វាជាសារដ៏ខ្លាំងក្លាមួយ ផ្ញើជូនសត្រូវរបស់ឥណ្ឌាទាំងអស់»។
ជុំវិញការបញ្ជាក្បួនយន្តហោះចម្បាំង Rafale ហោះហើរសាកល្បង នៅជិតព្រំដែនជម្លោះជាមួយចិន ឡាដាក (Ladakh) ខាងលើនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ឥណ្ឌាមួយរូបប្រាប់ AFP ដោយសុំមិនបញ្ចេញឈ្មោះថា «យន្តហោះចម្បាំង Rafale ត្រូវបានកំណត់ឲ្យធ្វើប្រតិបត្តិការ នៅតាមតំបន់គោលដៅមួយចំនួន នៅក្នុងនោះក៏មាន Ladakh ផងដែរ»។
គួរបញ្ជាក់ថា កងទ័ពឥណ្ឌា និងចិនបានផ្ទុះអាវុធដាក់គ្នាមួយប្រាវ នៅតំបន់ព្រំដែនជម្លោះ Ladakh ស្ថិតនៅភាគឦសានប្រទេសឥណ្ឌា និងភាគខាងលិចប្រទេសចិន កាលពីខែមិថុនា ឆ្នាំ២០២០។ នៅក្នុងជម្លោះនោះបានបណ្តាលឲ្យទាហានឥណ្ឌា ២០នាក់ស្លាប់ និងរាប់សិបនាក់របួស ខណៈភាគីចិនវិញក៏មានអ្នកស្លាប់ និងរបួសផងដែរ ប៉ុន្តែចិនមិនបានបញ្ចេញតួលេខ ប្រាប់ពិភពលោកនោះឡើយ។ ចាប់តាំងពីពេលនោះមក កិច្ចព្រមព្រៀង និងការសម្របសម្រួលគ្នាជាច្រើន ត្រូវបានធ្វើឡើង ដើម្បីបញ្ជៀសការផ្ទុះជម្លោះជាថ្មីទៀត៕