(ញូយ៉ក)៖ មេដឹកនាំនៅជុំវិញពិភពលោកបានជួបជុំគ្នា តាមប្រព័ន្ធវីដេអូខុនហ្វ្រិននៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ដើម្បីប្រារព្ធខួបឆ្នាំទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ (UN) ខណៈដែលជំងឺរាតត្បាតសកល COVID-19 នៅតែបន្តរីករាលដាល និងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តចោទ ជាបញ្ហាចំពោះប្រសិទ្ធភាព និងសាមគ្គីភាពនៃស្ថាប័នអន្តរជាតិ ដ៏ធំបំផុតមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។

ចំពោះមុខភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនដែលកំពុងអូសបន្លាយ បូករួមទាំងភាពក្តៅគគុក នៅជុំវិញបញ្ហានៃជំងឺរាតត្បាតសកល COVID-19 ទីក្រុងប៉េកាំងដែលជាតួអង្គដ៏សំខាន់មួយលើឆាកអន្តរជាតិ បានជំរុញឲ្យស្តារឡើងវិញនូវប្រព័ន្ធពហុភាគីនិយម ដើម្បីប្រជែងនឹងការដឹកនាំបែបគាំពារនិយម​របស់ទីក្រុងវ៉ាស៊ីនតោន។

នៅក្នុងសេចក្តីថ្លែងការដែលបានបញ្ចូនទៅឲ្យ UN ប្រធានាធិបតីចិនលោក ស៊ី ជីន ពីង បានគូសបញ្ជាក់ថា «គ្មានប្រទេសណាមួយដែលមានសិទ្ធិ​ត្រួតត្រាកិច្ចការសកល និងគ្រប់គ្រងវាសនារបស់ប្រទេសណាមួយ ឬរក្សាផលប្រយោជន៍នៃការអភិវឌ្ឍ ទាំងស្រុងចំពោះខ្លួនឯងបានឡើយ។ តើសក្តិសមដែរទេ ដែលប្រទេសមួយអាចធ្វើអ្វីបានតាមតែអំពើចិត្ត និងដើរតួជាមេក្លោងសម្លុត ឬជាមហាអំណាចផ្តាច់មុខ? ឯកតោភាគីនិយមបានដើរដល់ទីបញ្ចប់ហើយ»

ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីពង្រឹងប្រព័ន្ធពហុភាគីនិយមឡើងវិញ ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មិនដើរតាមកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយជាងនេះទៅទៀត ទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពី​កិច្ចព្រមព្រៀងពិភពលោក ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ។ តមកទៀត សហរដ្ឋអាមេរិកក៏បានដើរចេញពីកិច្ច ព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ជាលក្ខណៈឯកតោភាគី និងបានដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក (WHO) ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងឱកាសនៃការប្រារព្ធខួបកំណើត ៧៥ឆ្នាំរបស់ UN ប្រមុខដឹកនាំកំពូលៗលើលោក រួមទាំងអតីតប្រមុខដឹកនាំ UN ផងដែរ សុទ្ធតែបានអំពាវនាវដូចៗគ្នា ឲ្យពិភពលោករួបរួមគ្នាឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 និងជួសជុលការប្រេះស្រាំ ដែលអាចបង្កឲ្យពិភពលោកអន្តរាយទៅថ្ងៃមុខ។ ដោយឡែកមេដឹកនាំប្រទេសមួយចំនួនទៀត បានអំពាវនាវឲ្យ UN បង្កើនអានុភាពឡើងវិញ ដើម្បីដោះស្រាយបញ្ហាសកលជាច្រើន៕