(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក Matt Hancock នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា ចក្រភពអង់គ្លេសអាចនឹងវិលត្រឡប់ទៅរកសភាពធម្មតាវិញ នៅរដូវក្តៅខាងមុខនេះ ប្រសិនបើវ៉ាក់សាំង COVID-19 អាចនឹងផលិតបានជោគជ័យ ហើយនឹងត្រូវផ្ដល់ឲ្យចាក់ជាផ្លូវការនៅដើមឆ្នាំ២០២១។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍ ITV លោក Hancock បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់ការចាប់ផ្ដើមដ៏ធំ ដែលយើងកំពុងនិយាយអំពីការ ផ្ដល់ការចាក់វ៉ាក់សាំង COVID-19 នៅដើមឆ្នាំក្រោយនេះ... ប្រសិនបើអ្វីៗ ដំណើរការបានល្អ យើងនៅតែមានឱកាសក្នុងការផ្ដល់ការចាក់វ៉ាក់សាំងមុន ថ្ងៃបុណ្យ ណូអែល (Christmas) ឆ្នាំនេះផងដែរ ហើយមនុស្សដំបូងដែលត្រូវបានទទួលវា គឺជាមនុស្សដែលងាយរងគ្រោះខ្លាំងបំផុត។ ប៉ុន្តែក្នុងពេលឥលូវនេះ ចក្រភពអង់គ្លេស ចាំបាច់ត្រូវតែគ្រប់គ្រង និងទប់ស្កាត់ COVID-19 ឲ្យបានល្អ ដើម្បីឲ្យបុណ្យណូអែល ដែលនឹងរំកិលខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ មានសភាពធម្មតាវិញ តាមដែលអាចធ្វើទៅបាន»។
លោក Hancock បានបន្ថែមទៀតថា៖ «ប្រសិនបើយើងអាចគ្រប់គ្រង និងទប់ស្កាត់ COVID-19 បានល្អ និងអាចបញ្ឈប់ការឆ្លងរីករាលដាល បានក្នុងពេលឥឡូវនេះ វាកាន់តែងាយស្រួលសម្រាប់យើងទាំងអស់គ្នា ក្នុងការប្រារព្ធពិធីបុណ្យណូអែល នាពេលខាងមុខនេះ បានជាធម្មតាវិញ ហើយខ្ញុំពិតជាសង្ឃឹមថាយើងអាចនឹងឈាន ដល់ដំណាក់កាលនោះ។ ប៉ុន្តែប្រសិនបើបញ្ហានេះ មិនអាចគ្រប់គ្រងបានទេ យើងនឹងត្រូវចាត់វិធានការតឹងរ៉ឹង បន្ថែមទៀតនាពេលអនាគត»។
គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ករណីឆ្លង COVID-19 នៅចក្រភពអង់គ្លេសមានការកើនឡើងយ៉ាងគំហុក ដោយក្នុងមួយថ្ងៃបានកត់ត្រា នូវករណីឆ្លងថ្មីៗរហូតដល់ជាង ៤,០០០នាក់។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានហៅសន្ទុះនេះថា ជាការឆ្លងរលកទីពីរ ខណៈវិធានការរឹតត្បិត នានា ត្រូវបានណែនាំនៅទូទាំងប្រទេស។ រហូតមកទល់ពេលនេះ ចក្រភពអង់គ្លេសមានករណីឆ្លងច្រើនជាង ៣៩០,០០០ករណី ក្នុងនោះមានអ្នកស្លាប់៤១,៧៨៨នាក់ ចំណែកឯអ្នកជាសះស្បើយមិនទាន់មានទិន្នន័យបញ្ជាក់ច្បាស់លាស់ឡើយ៕