(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថានឹងអនុញាតឱ្យពលរដ្ឋរបស់ខ្លួន និងអ្នកស្នាក់នៅអចិន្ត្រៃយ៍ នៅក្នុងព្រះរាជាណាចក្រមួយនេះ អាចនឹងប្រតិបត្តិធម្មយាត្រា អុំរ៉ោះ (Umrah) នៅក្នុងទីក្រុងមិចកា និងទីក្រុងម៉ាឌីណា។ ធម្មយាត្រា អុំរ៉ោះនេះ ត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ដោយចាប់ផ្ដើមនៅ ថ្ងៃទី០៤ ខែតុលា។
ការអនុញ្ញាតឲ្យចាប់ផ្តើមធ្វើអុំរ៉ោះឡើងវិញម្តងបន្តិចៗពីថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០ ដោយកំណត់ចំនួនអ្នកចូលរួម៣០% ប្រហែល ៦០០០នាក់ក្នុង១ថ្ងៃ
បើតាមយោងគេហទំព័រអារ៉ាប់ Sabq ដោយមានការឯកភាពដ៏ព្រះមហាក្សត្រ សាល់ម៉ាន, ក្រសួងមហាផ្ទៃនៃអារ៉ាប៊ីសាអូឌីត បានអនុញ្ញាតឲ្យចាប់ផ្តើមអុំរ៉ោះ អមជាមួយការអនុវត្តវិធានការដូចខាងក្រោម ៖
១- អនុញ្ញាតឱ្យធ្វើអុំរ៉ោះឡើងវិញ ចូលម៉ាស្ជិទហារ៉ម និងចូលម៉ាស្ជិទណាហ្ពី និងចូលលេងកន្លែងរ៉ៅឌោះ ដូចខាងក្រោម៖
- ដំណាក់កាលទី១ ចាប់ពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២០ (៣០%) ៖
អនុញ្ញាតឱ្យពលរដ្ឋអារ៉ាប៊ីសាអូឌីត និងជនបរទេសដែលនៅក្នុងប្រទេសស្រាប់ធ្វើអុំរ៉ោះ ចាប់ផ្តើមពីថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០ ក្នុងអត្រា ៣០% (៦ពាន់នាក់ក្នុងមួយថ្ងៃ) ដោយគោរពតាមវិធានការក្រសួងសុខាភិបាល។
- ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ (៧៥%) ៖
អនុញ្ញាតឱ្យពលរដ្ឋអារ៉ាប៊ីសាអូឌីត និងជនបរទេសដែលនៅក្នុងប្រទេសស្រាប់ ធ្វើអុំរ៉ោះ ចាប់ផ្តើមពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ ក្នុងអត្រា ៧៥% (១៥០០០នាក់ក្នុងមួយថ្ងៃ) ហើយអ្នកចូលសឡាតចំនួន ៤ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយគោរពតាមវិធានការណ៍សុខភាព។
- ដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ (១០០%) ៖
អនុញ្ញាតឱ្យពលរដ្ឋអារ៉ាប៊ីសាអូឌីត និងជនបរទេសដែលនៅក្នុងប្រទេសស្រាប់ធ្វើអុំរ៉ោះ ចាប់ផ្តើមពីថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងអត្រា ១០០% (២ម៉ឺននាក់ក្នុងមួយថ្ងៃ) ហើយអ្នកចូលសឡាត ឬថ្វាយបង្គំចំនួន ៦ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយគោរពតាមវិធានការក្រសួងសុខាភិបាល រហូតមានការជូនដំណឹងអំពីការរលាយបាត់អស់នៃវីរូសកូរូណា។
- ដំណាក់កាលទី៤ សម្រាប់អ្នកនៅក្នុងប្រទេស និងក្រៅប្រទេស (១០០%) ក្នុងការមកធ្វើអុំរ៉ោះ បន្ទាប់ពីមានការប្រកាសអំពីការរលាយបាត់ នៃការរីករាលដាលនៃវីរុសកូរូណា។
២- ការចូលធ្វើអុំរ៉ោះ ឬចូលសឡាត (ថ្វាយបង្គំ) ត្រូវចូលក្នុងកម្មវិធីឈ្មោះ Aatmrna ដែលក្រសួងហាជ្ជី និងអុំរ៉ោះ នឹងផ្សព្វផ្សាយក្នងពេលឆាប់ៗខាងមុខនេះ។
ប្រភព៖ គេហទំព័រអារ៉ាប់ Sabq