(ម៉ុមបៃ)៖ សេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមហ៊ុនជីវសាស្រ្ត ប៉ារ៉ាត់ បាយអូនធិច (Bharat Biotech) របស់ប្រទេសឥណ្ឌាបានចុះកិច្ចព្រមព្រៀងជាមួយ សាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យអាមេរិក សេនល្វីស (St. Louis) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីអភិវឌ្ឍវ៉ាក់សាំង COVID-19 ខណៈប្រទេសទាំងពីរ កំពុងឈរកំពូលតារាងជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺរាតត្បាតសកលនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។
តាមកិច្ចព្រមព្រៀងនេះក្រុមហ៊ុន Bharat Biotech នឹងទទួលបានសិទ្ធិក្នុងការចែកចាយវ៉ាក់សាំង COVID-19 លើទីផ្សារអន្តរជាតិ លើកលែងតែសហរដ្ឋអាមេរិក ជប៉ុន និងអឺរ៉ុប។
ខណៈដែលការធ្វើតេស្តសាកល្បងដំណាក់កាលទី ១ នឹងត្រូវធ្វើឡើងនៅឯសាកលវិទ្យាល័យ សេនល្វីស (St. Louis) ក្រុមហ៊ុន Bharat Biotech នឹងបន្តការធ្វើតេស្តបន្ថែមទៀតនៅប្រទេសឥណ្ឌា និងគ្រោងនឹងផលិតវ៉ាក់សាំងទ្រង់ទ្រាយធំនៅឯមន្ទីរពិសោធន៍ ហាយដឺរ៉ាបាដ (Hyderabad) ដែលមានចម្ងាយ ៥៦៩គីឡូម៉ែត្រភាគខាងជើងទីក្រុងប៊ែងហ្គាលូរុ (Bengaluru) ប្រទេសឥណ្ឌា ។
វេជ្ជបណ្ឌិតឥណ្ឌា គ្រីស្នា អ៊ែលឡា (Krishna Ella) ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Bharat Biotech បាននិយាយយ៉ាងមានមោទនភាពថា កិច្ចសហការវ៉ាក់សាំងនេះនឹងជួយបង្កើនប្រសិទ្ធភាព មិនត្រឹមតែអាចការពារប្រឆាំងនឹងជំងឺ COVID-19 ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចការពារការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការផលិតនូវប្រព័ន្ធភាពស៊ាំមួយប្រភេទ ដែលកើតចេញពីកោសិកាចម្បងនៅក្នុងច្រមុះ និងបំពង់កផងដែរ។ ទន្ទឹងគ្នានេះដែរ នាយកមជ្ឈមណ្ឌលព្យាបាលរោគជីវសាស្រ្ត និងជាសាស្រ្តាចារ្យផ្នែកវិទ្យុសកម្ម នៅសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យវ៉ាស៊ីនតោន វេជ្ជបណ្ឌិតលោក ដាវីដ ឃ្យូរាល (David T. Curiel) បានគូសបញ្ជាក់ថា បេក្ខភាពវ៉ាក់សាំងផ្សេងទៀតភាគច្រើនដែលកំពុងអភិវឌ្ឍ មិនមានប្រសិទ្ធភាពបែបនេះឡើយ៕