(យូអិន)៖ តំណាងជាន់ខ្ពស់នៃប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក ចាង ជុន (Zhang Jun) បានឆ្លើយតបទៅនឹងការចោទប្រកាន់ដដែលជាដដែល ពីសំណាក់សហរដ្ឋអាមេរិកថា «វាល្មមគ្រប់គ្រាន់ហើយ» ដែលត្រូវមកចោទប្រកាន់ចិនជុំវិញវិបត្តិវីរុសកូរ៉ូណា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ការតបតរបស់តំណាងចិនប្រចាំនៅ UN ខាងលើនេះ បានកើតមានឡើងពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើវេទិកាខួបឆ្នាំទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ (UN) ទៅធ្វើការវាយប្រហារ និងចោទប្រកាន់មកលើចិនថា ជាអ្នកបង្កឲ្យជំងឺ COVID-19 រីករាតត្បាតទូទាំងពិភពលោក។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ទាមទារការទទួលខុសត្រូវ ឬចេញសកម្មភាពប្រឆាំងចិន ជុំវិញបញ្ហាដែលខ្លួនបានលើកឡើងនេះផងដែរ។
លោក ចាង ជុន បានសង្កត់ធ្ងន់ទៅអាមេរិកវិញយ៉ាងដូច្នេះថា «ខ្ញុំត្រូវតែនិយាយថា វាល្មមគ្រប់គ្រាន់ហើយ! អ្នក (អាមេរិក) បានបង្កើតបញ្ហាសម្រាប់ពិភពលោកនេះរួចទៅហើយ។ អាមេរិកមានអ្នកឆ្លង COVID-19 ជិត ៧លានករណី និងមនុស្សស្លាប់ជាង ២សែននាក់គិតត្រឹមពេលនេះ។ អាមេរិកមានបច្ចេកវិទ្យា និងប្រព័ន្ធគ្រប់គ្រងដ៏ទំនើបបំផុតនៅលើលោក ប៉ុន្តែតើហេតុអ្វីបានអាមេរិកមានករណីឆ្លង និងស្លាប់ច្រើនលើសគេបែបនេះ? ប្រសិនបើត្រូវរកអ្នកទទួលឲ្យមកទទួលខុសត្រូវ នោះគឺគួរតែឲ្យអ្នកនយោបាយអាមេរិកពីរបីនាក់ហ្នឹងហើយ ជាអ្នកទទួលខុសត្រូវ»។ តំណាងចិនក៏ណែនាំផងដែរឲ្យសហរដ្ឋអាមេរិក ធ្វើខ្លួនឲ្យសក្តិសមជាមហាអំណាច៕