(ល្វីសវីល)៖ អាជ្ញាធរទីក្រុងល្វីសវីល (Louisville) បានប្រកាសដាក់បំរាមគោចរមួយយប់ទៀត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បន្ទាប់មានការផ្ទុះអហិង្សាររវាងប៉ូលិស និងក្រុមបាតុករនៅទីក្រុងរបស់រដ្ឋខិនថាក់ឃី (Kentucky) មួយនេះ ជុំវិញព័ត៌មានដែលត្រូវបានចុះផ្សាយថា គ្មានប៉ូលិសណាម្នាក់ប្រឈមនឹងការចោទប្រកាន់ ចំពោះការស្លាប់របស់ស្ត្រីស្បែកខ្មៅ ប្រេយ៉ូណា ថាឡឺ (Breonna Taylor) នោះទេ ខណៈដែលមេធាវីរបស់គ្រួសាររនាងបានហៅការកាត់ក្តីនេះថា ជាការរើសអើងជាតិសាសន៍ដ៏អាក្រក់បំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ជុំវិញបញ្ហាខាងលើនេះអភិបាលក្រុង Louisville លោក ហ្គ្រេក ហ្វីសសឺ (Greg Fischer) បាននិយាយថា យើងបានឃើញសោកនាដកម្មគ្រប់គ្រាន់ហើយ បន្ទាប់ពីការតវ៉ានៅក្នុងទីក្រុងនេះ ដែលនាំឲ្យមនុស្សសរុបចំនួន ១២៧នាក់ត្រូវបានចាប់ខ្លួន និងមន្ត្រីប៉ូលិស ០២ត្រូវបានបាញ់ឲ្យរងរបួសកាលពីយប់មិញ។ អភិបាលក្រុងរូបនេះក៏បានសង្កត់ធ្ងន់ទៀតថា ហេតុការណ៍យប់មិញនេះ គឺពិតជាមិនរឿងដែលអាចទទួលយកបាននោះទេ។
ការតវ៉ាបានផ្ទុះឡើងនៅទីក្រុងល្វីសវីល និងទីក្រុងផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះបន្ទាប់ក្រុមសមាជិក នៃគណៈវិនិច្ឆ័យរបស់តុលាការ បានសម្រេចមិនចោទប្រកាន់ប៉ូលិសណាម្នាក់ឡើយពាក់ព័ន្ធនឹងការស្លាប់របស់ស្ត្រីស្បែកខ្មៅវ័យ ២៦ឆ្នាំដែលត្រូវបានប៉ូលីសបាញ់សម្លាប់ នៅក្នុងផ្ទះល្វែងរបស់នាងកាលពីឆ្នាំ២០១៩។
ជុំវិញបញ្ហាខាងលើនេះក្រុមបាតុកររាប់ពាន់នាក់ បាននាំគ្នាដើរជាក្បួននៅតាមដងផ្លូវនៃទីក្រុង Louisville ក្បែរផ្ទះរបស់នាង Taylor ដើម្បីទាមទាររកយុត្តិធម៌ឲ្យនាងបន្ទាប់ពីសេចក្តីប្រកាសរបស់ក្រុមគណៈវិនិច្ឆ័យ។ គួរបញ្ជាក់ថា ដំបូងឡើយការធ្វើបាតុកម្មបានចាប់ផ្តើមដោយសន្តិវិធីប៉ុណ្ណោះ ប៉ុន្តែវាក៏បានក្លាយទៅជាអំពើហិង្សាភ្លាមៗ នៅពេលដែលក្រុមអ្នកតវ៉ាបានប៉ះទង្គិច ជាមួយប៉ូលិសបង្ក្រាបកុប្បកម្ម៕