(ហ្គាំ)៖ មេបញ្ជាការមូលដ្ឋានកងទ័ពអាកាសអាមេរិក អ៊ែនដឺសិន (Andersen) នៅលើកោះហ្គាំ (Guam) នៅថ្ងៃសុក្រនេះបាននិយាយថា វីដេអូដែលកងទ័ពអាកាសចិនបានបង្ហោះ អំពីសកម្មភាពយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ H-6 កម្ទេចគោលដៅក្លែងក្លាយមួយ ដែលទំនងជាមូលដ្ឋានរបស់លោកនោះ គឺគ្រាន់តែជាវីដេអូឃោសនាបែបបំភិតបំភ័យតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ឧត្តមសេនីយត្រីលោក ជែរែមី ស្លន (Jeremy T Sloane) ជាមេបញ្ជាការមូលដ្ឋានកងទ័ពអាកាសអាមេរិក Andersen ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកកាសែតនានា ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះ។ លោក Jeremy បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំតែងតែគិតគូរពីសមត្ថភាពរបស់យើងក្នុងការការពារកងទ័ព និងគ្រួសាររបស់ពួកយើង។ តែទោះជាបែបនេះក្ដី វីដេអូដែលពួកគេ (ចិន) ហៅថាការធ្វើសមយុទ្ធនោះ គឺគ្រាន់តែវីដេអូឃោសនា ដែលមានគោលដៅបំភិតបំភ័យពួកយើងតែប៉ុណ្ណោះ»។
គួរជម្រាបថា កាលពីសប្ដាហ៍មុនកងទ័ពអាកាសចិន បានបញ្ចេញវីដេអូមួយឃ្លីប ដោយបង្ហាញពីសកម្មភាពយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ H-6 ធ្វើការបាញ់មីស៊ីលកម្ទេច គោលដៅក្លែងក្លាយមួយ ដែលត្រូវបានក្រុមជំនាញមើលឃើញ ដូចមូលដ្ឋានកងទ័ពអាកាសអាមេរិក Andersen នៅលើកោះហ្គាំ (Guam) ឬអាចនិយាយបានថា ចិនយកមូលដ្ឋានយោធាអាមេរិកមួយនេះ ធ្វើជាគំរូនៃការហាត់សមវាយប្រហារ។ ការបញ្ចេញវីដេអូនេះបានកើតមានឡើង ចំពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់កំពុង បំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដែលចិនចាត់ទុកថា គ្រាន់តែជាខេត្តមួយរបស់ខ្លួនស្របតាមច្បាប់នោះ៕