(ហាណូយ)៖ វៀតណាមបានស្នើឱ្យបង្កើតសហគមន៍ចារកិច្ចយោធាអាស៊ាន (AMIC) កំឡុងកិច្ចប្រជុំចារកិច្ចយោធាអាស៊ាន (AMIM) លើកទី ១៧ ដែលរៀបចំឡើងតាមវីដេអូខុនហ្វេរិន កាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅ។ នេះបើតាមការដកស្រង់ព័ត៌មានពី គេហទំព័រព័ត៌មានវៀតណាម VN Explorer នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំ AMIM ឧត្ដមសេនីយ៍ឯកវៀតណាមលោក ផាម ង៉ុកហាំង (Pham Ngoc Hung) ជាប្រធានអគ្គនាយកដ្ឋានចារកិច្ចយោធា នៃក្រសួងការពារជាតិវៀតណាមបានលើកឡើងថា សហគមន៍ចារកិច្ចយោធាអាស៊ាន (AMIC) នឹងជួយបង្កើនការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពចារកិច្ចយោធា រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន ឱ្យកាន់តែមានប្រសិទ្ធភាព។ លោក Pham បានបន្ថែមទៀតថា AMIC ក៏នឹងដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងនាមជាទីប្រឹក្សារបស់រដ្ឋាភិបាល និងក្រសួងការពារជាតិ ក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅក្នុងតំបន់ រួមទាំងចូលរួមស្ថាបនាសហគមន៍អាស៊ាន។

គួរជម្រាបថា កិច្ចប្រជុំចារកិច្ចយោធាអាស៊ាន (AMIM) បានពិនិត្យលើឯកសារលម្អិត AMIC ក៏ដូចជាបញ្ចប់សេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំប្រមុខកងកម្លាំងការពារជាតិអាស៊ានលើកទី ១៧ (ACDFM-17) ដែលនឹងត្រូវដាក់ជូន ACDFM-17 អនុម័ត។ ក្រោយកិច្ចប្រជុំ លោក Hung បានប្រគល់តំណែងជាប្រធាន AMIM ទៅឱ្យអ្នកតំណាងមកពីប្រទេសប្រ៊ុយណេ៕