(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យានៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីលីខុន វ៉ាឡេយ (Silicon Valley) ដែលត្រូវបានចាត់ទុកជាបេះដូងនៃរដ្ឋកាលីហ្វ័រញ៉ា បានចាប់ផ្តើមផលិតឧបករណ៍ថ្មីមួយចំនួន ដែលមានប្រយោជន៍សម្រាប់ក្រុមអ្នកពន្លត់អគ្គីភ័យដូចជាលោក ដេវ វីនណេកខឺ (Dave Winnacker) ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃ ដែលតែងតែកើតឡើងនៅក្នុងរដ្ឋភាគខាងលិច នៃសហរដ្ឋអាមេរិកមួយនេះជារៀងរាល់ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។
លោក Winnacker ជាប្រធានក្រុមអ្នកពន្លត់អគ្គីភ័យនៃសង្កាត់មួយ ដែលបានដឹកនាំក្រុមពន្លត់អគ្គីភ័យកាលឆ្នាំ២០១៧ កន្លងទៅនៅចម្ការទំពាំងបាយជូមួយកន្លែង ស្ថិតនៅតំបន់ជ្រលងភ្នំណាផា (Napa) និង សូណូម៉ា (Sonoma) បានបង្ហាញពីចំណាប់អារម្មណ៍នឹងឧបករណ៍បច្ចេកវិទ្យាថ្មីមួយ ដែលអាចកំណត់រកទីតាំងភ្លើងឆេះព្រៃបានលឿនជាងមុន និងបង្កភាពងាយស្រួសក្នុងការជម្លៀសប្រជាជនផងដែរ។
ប៉ុន្តែគោលបំណងជួយពង្រឹងនូវសុវត្ថិភាពសាធារណៈ តែងតែប្រឈមជាមួយបញ្ហាលំបាក ក្នុងការស្វែងរកថវិកាពីវិនិយោគិន ដោយសារតែពួកគេមិនសូវចាប់អារម្មណ៍ ព្រោះវាមិនអាចរកប្រាក់ចំណេញបានច្រើនមកវិញឡើយ។ បច្ចេកវិទ្យាមួយដែលកំពុងប្រើគឺ Winnacker ដែលបានអភិវឌ្ឍដោយក្រុមហ៊ុន ហ្សូនហាវែន (Zonehaven) ដែលភ្ជាប់ផែនទីនាយកដ្ឋានអគ្គីភ័យ ទីបញ្ជាការប៉ូលិស និងកន្លែងរស់នៅរបស់ប្រជាជន ដើម្បីងាយធ្វើទំនាក់ទំនងគ្នា និងសម្រួលដល់ការជម្លៀសចេញពេលមានអាសន្ន។ វាត្រូវបានដាក់បង្ហាញជាលើកដំបូង កាលពីដើមខែសីហា ឆ្នាំ២០២០ នៅពេលដែលអគ្គីភ័យបានឆាបឆេះ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។
ក្រុមហ៊ុនជាច្រើននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានជួយអាជ្ញាធរនៅតាមទីក្រុងនានា ក្នុងការប្រើប្រាស់ទិន្នន័យដើម្បីបង្កើតផែនទីសម្រាប់ការពារ និងគ្រប់គ្រងគ្រោះមហន្តរាយ។ កម្មវិធីរួមគ្នាមួយនេះបានជួបផលលំបាកក្នុងការរៃអង្គាសប្រាក់ នៅពេលអតិថិជនសំខាន់របស់ខ្លួន គឺជាភ្នាក់ងាររដ្ឋាភិបាល។ ប៉ុន្តែនៅពេលដែលក្រុមការងារនេះ បានទាក់ទងជាមួយក្រុមហ៊ុនឯកជន រួមទាំងក្រុមហ៊ុនធានារ៉ាប់រងផងនោះ ពួកគេបានរៃអង្គាសប្រាក់បាន ៧៤លានដុល្លារអាមេរិកហើយ។
គួរបញ្ជាក់ថា នាយកដ្ឋានពន្លត់អគ្គីភ័យមួយចំនួន បាននឹងកំពុងសាកល្បង ដ្រូន (Drones) និង រ៉ូបូត (Robots) សម្រាប់ប្រយុទ្ធនឹងភ្លើងឆេះព្រៃផងដែរ។ ឧបករណ៍មួយប្រភេទរបស់ក្រុមហ៊ុន សាឃ្វីសាយ រ៉ូបូទិច (Squishy Robotics) ជាប្រភេទឧបករណ៍ចល័ត ដែលអាចទម្លាក់ចូលទៅក្នុងកន្លែងភ្លើងឆេះ និងប្រើកាមេរ៉ា ដើម្បីបង្ហាញរូបភាពជាក់ស្តែងដល់ក្រុមអ្នកពន្លត់អគ្គីភ័យ នូវអ្វីដែលកំពុងកើតឡើងនៅកន្លែងកើតហេតុ ត្រូវបានរចនាឡើងសម្រាប់ករណីមានអគ្គីភ័យ កើតឡើងនៅក្នុងតំបន់ឧស្សាហកម្ម។ ប៉ុន្តែលោក ឌែនីស ដូគ្រូអឺ (Deniz Dogruer) ប្រធានផ្នែកប្រតិបត្តិការរបស់ Squishy បាននិយាយថា ក្រុមហ៊ុនចង់ប្រែក្លាយឧបករណ៍របស់ខ្លួន សម្រាប់ប្រើប្រាស់នៅក្នុងតំបន់ភ្លើងឆេះព្រៃផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុន ឬអ្នកវិនិយោគណាចង់បណ្តាក់ទុននៅឡើយទេ៕