(ប៉ារីស)៖ ម្ចាស់ភោជនីយដ្ឋានរាប់រយនាក់នៅទីក្រុង Marseille នៃប្រទេសបារាំង នៅថ្ងៃសុក្រនេះ បាននាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹង វិធានការថ្មីរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដោយបានអះអាងថា វិធានការទាំងនេះ អាចនឹងបង្ខំឲ្យពួកគេបិទទ្វារហាងជាអចិន្ត្រៃយ៍។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។
គួររំលឹកថា កាលពីថ្ងៃពុធ ទី២៣ ខែកញ្ញាកន្លងទៅ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោក Olivier Veran បានប្រកាសពីវិធានការរឹតត្បិតថ្មីបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ COVID-19។ ទីក្រុង Marseille និងតំបន់ជុំវិញ ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យបិទទាំងស្រុង នូវសកម្មភាពសេដ្ឋិច្ចមួយចំនួន ដូចជាភោជនីយដ្ឋាន និងបារជាដើម ខណៈដែលភោជនីយដ្ឋាននៅទីក្រុងប៉ារីសនិងទីក្រុង១០ផ្សេងទៀត តម្រូវឲ្យបិទទ្វារនៅម៉ោង១០យប់ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។
តាមរយៈវិធានការរឹតបន្តឹងថ្មីបន្ថែមទៀតនេះ អាជ្ញាធរបារាំងសង្ឃឹមថា នឹងអាចគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសបានទាន់ពេលវេលា ខណៈករណីឆ្លងថ្មីៗ មានការកើនឡើងយ៉ាងគំហុក ដោយបានបង្កជាក្តីបារម្ភថាមន្ទីរពេទ្យនឹងមិនអាចទ្រាំទ្របាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែក្រុមអ្នករិះគន់បានបោទប្រកាន់រដ្ឋាភិបាលថា បានចាត់វិធានការតាមតែអំពើចិត្ត ដែលនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។
គួរជម្រាបថា ទីភ្នាក់ងារសុខាភិបាលបារាំង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានរាយការណ៍ពី ការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួនជាង ១៦,០០០នាក់បន្ថែម និងករណីស្លាប់ ៥២នាក់ផងដែរ។ ជាសរុប បច្ចុប្បន្នបារាំងមានករណីឆ្លងជិត ៥០ម៉ឺនករណី ក្នុងនោះស្លាប់ជាង ៣ម៉ឺននាក់ និងជាសះស្បើយជាង ៩.៤ម៉ឺននាក់៕