(ប៉េកាំង)៖ ស្របពេលដែលក្រុមអ្នកវិទ្យាសាស្រ្តនៅជុំវិញពិភពលោក កំពុងតែខំប្រឹងប្រែងបង្កើតវ៉ាក់សាំងសម្រាប់ជំងឺ COVID-19 ឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅរួច កត្តាសុវត្ថិភាពរបស់វ៉ាក់សាំងគួរតែត្រូវចាត់ទុកជាអាទិភាពដ៏ចម្បងបំផុតមួយ នៅក្នុងដំណើរការស្រាវជ្រាវនិងអភិវឌ្ឍន៍។ នេះបើតាមបទអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
សម្រាប់ប្រទេសចិន កត្តាសុវត្ថិភាពត្រូវបានឲ្យតម្លៃខ្ពស់នៅក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19។ ក្រុមអ្នកស្រាវជ្រាវចិន បានធ្វើតេស្តវ៉ាក់សាំងទៅលើសត្វជាច្រើនប្រភេទ មុនការបន្តយកទៅសាកល្បងលើមនុស្ស។ ពួកគេទទួលបានលទ្ធផលគួរជាទីគាប់ចិត្តអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង ក្នុងការធ្វើតេស្តដំណាក់លើមនុស្សនៅដំណាក់កាលទី១និងទី២ ហើយបានចេញផ្សាយលទ្ធផលទាំងនោះជាសាធារណៈ ដើម្បីចែករំលែកទិន្នន័យក៏ដូចជាព័ត៌មាន ជាមួយសហគមន៍អន្តរជាតិ ដោយបើកចំហ ហើយប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។
ដោយសារតែការធ្វើតេស្តដំណាក់កាលទី៣ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការវាយតម្លៃទៅលើ សុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំង ចិនកំពុងបង្កើនកិច្ចប្រឹងប្រែង និងជំរុញកិច្ចសហប្រតិបត្តិការសម្រាប់បេក្ខភាពវ៉ាក់សាំងចំនួន៤របស់ខ្លួន ដែលបានឈានចូលដល់ការសាកល្បងដំណាក់កាលទី៣។ ការធ្វើតេស្តដំណាក់កាលទី៣នេះ នៅតាមប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា អាមេរិកខាងត្បូង និងអាស៉ីអាគ្នេយ៍ កំពុងតែបន្តប្រព្រឹត្តទៅយ៉ាងរហូន។
ទោះជាបែបនេះក្តី ដំណើរការអភិវឌ្ឍវ៉ាក់សាំង COVID-19 គឺត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាជាច្រើន។ កាលពីថ្ងៃទី០៨ ខែកញ្ញា ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យអង់គ្លេស Oxford បានផ្អាកជាបណ្តោះអាសន្ននូវការធ្វើតេស្តដំណាក់កាលទី៣នៃវ៉ាក់សាំង COVID-19 របស់ខ្លួន នៅជុំវិញពិភពលោក ក្រោយអ្នកស្ម័គ្រចិត្តចូលរួមធ្វើតេស្តម្នាក់នៅចក្រភពអង់គ្លេសធ្លាក់ខ្លួនឈឺ ហើយមានការសង្ស័យថាអាចមកពីវ៉ាក់សាំង។ ប៉ុន្តែការធ្វើតេស្តវ៉ាក់សាំងនោះ ក៏បានបន្តឡើងវិញរួចហើយដែរ នៅតាមប្រទេសមួយចំនួន ក្រោយពីការស៉ើបអង្កេតលើបញ្ហាសុវត្ថិភាពបានប្រព្រឹត្តទៅ។
បញ្ហាខាងលើនេះ បានបង្កឲ្យមានក្តីបារម្ភចំពោះផលប៉ះពាល់ដែលអាចកើតមានពីវ៉ាក់សាំង COVID-19 និងអាចចាត់ទុកជាការក្រើនរំឭកមួយថា សុវត្ថិភាពរបស់វ៉ាក់សាំងគឺជារឿងសំខាន់បំផុត។ យ៉ាងណាមិញ មានអ្នកនយោបាយលោកខាងលិចមួយចំនួន បែរជាមិនខ្វាយខ្វល់ចំពោះកត្តាដ៏សំខាន់នេះ ហើយយកការខិតខំប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំង COVID-19 ទៅបម្រើផលប្រយោជន៍នយោបាយរបស់ពួកគេទៅវិញ។
គួរជម្រាបថា ជំនួសឲ្យនយោបាយ វិទ្យាសាស្រ្តឯណោះទេគួរតែដើរតួនាទីនាំមុខ ក្នុងការកំណត់ថាតើវ៉ាក់សាំងណាគួរតែទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ ហើយថាតើនៅពេលណា។ ការលោតផ្លោះក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំង និងការព្យាយាមលះបង់ស្តង់ដាសុវត្ថិភាព ដើម្បីតែប្រយោជន៍នយោបាយ នឹងជះផលអាក្រក់ទៅលើទំនុកចិត្តរបស់មហាជនចំពោះវ៉ាក់សាំង COVID-19។
ជាចុងក្រោយការអភិវឌ្ឍវ៉ាក់សាំង COVID-19 មិនគួរចុះញ៉មចំពោះការដាក់សម្ពាធផ្នែកនយោបាយនោះទេ គឺគួរតែប្រកាន់ខ្ជាប់នូវនីតិវិធីវិទ្យាសាស្រ្តហើយធានាឲ្យបាននូវសុវត្ថិភាព ដើម្បីការពារសុខភាពមនុស្សគ្រប់រូប ហើយឆ្ពោះទៅរកការទទួលជ័យជម្នះលើជំងឺរាតត្បាតដ៏កាចសាហាវនេះ៕