(តូក្យូ)៖ ប្រទេសជប៉ុន នឹងបន្ធូរបន្ថយវិធានការរឹតត្បិតលើព្រំដែន ដែលខ្លួនបានដាក់ចេញកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 នៅដើមខែតុលានេះតែម្តង។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide ដកស្រង់សម្តីចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីជប៉ុន លោក Suga បាននិយាយក្នុងកិច្ចប្រជុំមួយស្តីពី COVID-19 នៅថ្ងៃសុក្រនេះថា «យើងនឹងអនុញ្ញាតឲ្យមានការធ្វើដំណើរចូលប្រទេសឡើងវិញ នៅខែក្រោយនេះ មិនថាជាប្រជាជនជប៉ុន ឬបរទេសទេ លើកលែងភ្ញៀងទេសចរណ៍ប៉ុណ្ណោះ»។ ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការមកដល់របស់ជនបរទេស នឹងត្រូវបានកំណត់ត្រឹម ១,០០០ នាក់ក្នុងមួយថ្ងៃ ហើយការស្នាក់នៅជាអប្បបរមានឹងមានរយៈពេល ៣ខែ។
គួរជម្រាបថា ប្រទេសជប៉ុន បានហាមឃាត់ជនបរទេសភាគច្រើន ចូលប្រទេសនៅឆ្នាំនេះ បន្ទាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺ COVID-19 នៅទូទាំងសកលលោក៕