(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានប្រកាសពីការជ្រើសតាំងលោកស្រី អេមី ខនី បារ៉េត (Amy Coney Barrett) ជាសមាជិកថ្មីនៃតុលាការកំពូលរបស់សហរដ្ឋអាមេរិក បន្ទាប់ពីសមាជិកចាស់ម្នាក់បានទទួលមរណភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០។
លោក ត្រាំ បានធ្វើសេចក្តីប្រកាសខាងលើនៅឯសេតវិមានជាមួយវត្តមានលោកស្រី Barrett ផ្ទាល់។ ជាជំហានបន្ទាប់ ព្រឹទ្ធសភាអាមេរិកនឹងត្រូវប្រញាប់ប្រញាល់រៀបចំការទទួលស្គាល់លោកស្រី ឲ្យបានមុនថ្ងៃបោះឆ្នោតគឺក្នុងរយៈពេលត្រឹមជាង៥សប្តាហ៍ខាងមុខ។ ប្រសិនបើត្រូវបានអនុម័តទទួលស្គាល់ដោយព្រឹទ្ធសភា ដើម្បីជំនួសអតីតសមាជិកតុលាការកំពូលលោកស្រី រ៉ូស បេដឺ ហ្គីនស្បឺក (Ruth Bader Ginsburg) ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកញ្ញា ក្នុងវ័យ៨៣ឆ្នាំ លោកស្រី Barrett នឹងក្លាយជាស្រ្តីទី៥ ដែលបានបម្រើការនៅក្នុងកំពូលស្ថាប័នយុត្តិធម៌អាមេរិកមួយនេះ។
គួរជម្រាបថា កន្លងមកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានជ្រើសតាំងសមាជិកតុលាការកំពូល២រូបរួចមកហើយផងដែរ គឺលោក នៀល ហ្គ័រសាច់ (Neil Gorsuch) កាលពីឆ្នាំ២០១៧ និងលោក ប្រ៊ែត កាវ៉ាណាហ្វ (Brett Kavanaugh) កាលពីឆ្នាំ២០១៨ ខណៈទាំងលោក Gorsuch លោក Kavanaugh និងលោកស្រី Barrett សុទ្ធតែមានអាយុមិនសូវជាចាស់ប៉ុន្មានឡើយ គឺចន្លោះ៤៨-៥៥ឆ្នាំ ដែលអាចកាន់តំណែងនៅក្នុងតុលាការកំពូលអាមេរិក បានរាប់ទសវត្សរ៍តទៅមុខទៀតឯណោះ។ តុលាការកំពូលអាមេរិក មានសមាសភាពសរុបចំនួន៩រូប៕