(ណៃពិដោ)៖ អាជ្ញាធរមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ក្នុងរយៈពេលត្រឹម១សប្តាហ៍ មនុស្សសរុបជាង៥០០នាក់ត្រូវបានចាប់ខ្លួន ដោយសារតែការបំពានលើវិធានការទប់ស្កាត់ COVID-19 ខណៈស្ថានការណ៍នៃការឆ្លងរាលដាលនៅប្រទេសអាស៊ានមួយនេះ បន្តស្ថិតក្នុងសភាពគួរឲ្យបារម្ភ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០។
កំឡុងចន្លោះថ្ងៃទី១៩-២៥ ខែកញ្ញា មនុស្សសរុបចំនួន៥២៥នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបំពានលើវិធានការ COVID-19 នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះមាន៣៥០នាក់ត្រូវចាប់ខ្លួន ដោយសារតែមិនពាក់ម៉ាសនៅតាមទីសាធារណៈ ១៤៩នាក់ត្រូវចាប់ខ្លួន ដោយសារបំពានលើបម្រាមគោចរ ហើយ២៦នាក់ត្រូវចាប់ខ្លួន ដោយសារល្មើសនឹងចំណុចផ្សេងៗទៀត។
គួរជម្រាបថា កន្លងមកអាជ្ញាធរមីយ៉ាន់ម៉ា បានសម្រេចដាក់ចេញឲ្យអនុវត្តបម្រាមគោចរពេលយប់ នៅតាមតំបន់និងរដ្ឋមួយចំនួន រួមទាំងតំបន់រ៉ង់ហ្គូនផងដែរ ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ COVID-19។ បច្ចុប្បន្នក្រុងខ្លះនៅតំបន់រ៉ង់ហ្គូន ម៉ាន់ដាឡៃ បាហ្គោ និងអៃយ៉ាវ៉ាត់ឌី ព្រមទាំងរដ្ឋម៉ន គឺកំពុងស្ថិតក្រោមបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ខណៈទីតាំងទាំងនោះបានមើលឃើញសន្ទុះកើនឡើងខ្លាំងនៃចំនួនករណីឆ្លង។
មកទល់ពេលនេះ មីយ៉ាន់ម៉ាបានរកឃើញករណីឆ្លង COVID-19 សរុប៩,៩៩១ករណី ក្នុងនោះស្លាប់១៩៨នាក់ បន្ទាប់ពី២ករណីដំបូងបំផុត ត្រូវបានរកឃើញតាំងតែពីថ្ងៃទី២៣ ខែមីនា៕