(ប៉េកាំង)៖ អដិ្ឋធាតុកងទ័ពចិនចំនួន១១៧នាក់ ដែលបានបាត់បង់ជីវិតកាលពីសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ត្រូវបាននាំយកមកដល់ប្រទេសចិនវិញនាថ្ងៃអាទិត្យនេះ ក្នុងពិធីប្រចាំឆ្នាំមួយ ដែលកន្លងមកត្រូវបានពន្យារពេលព្រោះតែវិបត្តិ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០។
កូរ៉េខាងត្បូងបានរៀបចំពិធីប្រគល់អដ្ឋិធាតុទាហានចិនខាងលើ នៅឯអាកាសយានដ្ឋានអ៉ីនឈាន់ (Incheon) ក្បែររដ្ឋធានីសេអ៊ូល។ ក្រោយពិធីចប់រួចរាល់ ធាតុទាហានចិនទាំង១១៧នាក់ ត្រូវបានដឹកជញ្ជូនតាមយន្តហោះយោធាចិនមួយគ្រឿង ឆ្ពោះទៅកាន់ទីក្រុង Shenyang ដែលជាទីក្រុងចិនមួយនៅភាគឦសាន ក្បែរព្រំដែនកូរ៉េខាងជើង។
គួរជម្រាបថា កងទ័ពចិនបានចូលរួមប្រយុទ្ធក្នុងសង្រ្គាមកូរ៉េ ដោយឈរនៅខាងកូរ៉េខាងជើង ប្រឆាំងជាមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ អដិ្ឋធាតុទាហានចិនឆ្នាំនេះភាគច្រើនត្រូវបានរកឃើញនៅតំបន់គ្មានយោធា ដែលខណ្ឌចែកកូរ៉េទាំងពីរ។ ចំណែកពិធីខាងលើ ដែលដំបូងឡើយគ្រោងធ្វើឡើងតាំងតែពីប៉ុន្មានខែមុនមកម្ល៉េះ ប៉ុន្តែត្រូវពន្យារពេលព្រោះតែការផ្ទុះរីករាលនៃជំងឺ COVID-19 គឺជាពិធីប្រចាំឆ្នាំលើកទី៧ហើយ ។ សរុបមក អដិ្ឋធាតុទាហានចិនសម័យសង្រ្គាមកូរ៉េសរុប៧១៦នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់មាតុភូមិវិញ៕