(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ខ្លួនបានពិនិត្យសំណាករក COVID-19 លើមនុស្សជាង ៥០,០០០នាក់ហើយ បើគិតចាប់តាំងពីខែមករា ដើមឆ្នាំ២០២០ ខណៈប្រទេសអាស៊ានមួយនេះ នៅតែមានករណីឆ្លងតិចតួចជាទីបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។
អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលឡាវ លោក ស៊ីសាវ៉ាត់ សោតថានីរ៉ាសៃ (Sisavath Soutthaniraxay) បានប្រាប់សន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទនាថ្ងៃចន្ទនេះថា ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា (COVID-19) កាលពីខែមករាកន្លងទៅនេះ ប្រទេសឡាវបានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ៥១,០៨៤នាក់ហើយ ដោយក្នុងនោះមានសំណាកពីមនុស្សចំនួន ២៣នាក់ត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ក្នុងនោះអ្នកជំងឺចំនួន ២២នាក់បានជាសះស្បើយ និងម្នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដោយឡែក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រជាជនឡាវសរុបចំនួន ១,៨៨៤នាក់បានវិលត្រឡប់ចូលប្រទេសវិញ តាមរយៈច្រកព្រំដែនអន្តរជាតិ។ ការត្រួតពិនិត្យសីតុណ្ហភាពរាងកាយបានបង្ហាញថា គ្មាននរណាម្នាក់មានរោគសញ្ញាគ្រុនក្តៅឡើយ។ យ៉ាងណាមិញ រដ្ឋាភិបាលឡាវក៏បានព្រមានប្រជាពលរដ្ឋ កុំឲ្យមានការធ្វេសប្រហែស ចំពោះវិធានការទប់ស្កាត់ និងការពារជំងឺឆ្លងរាតត្បាតសកល COVID-19 នេះដែរ ដើម្បីចៀសវាងការកើតមាននូវរលកទី២៕
គួរជម្រាបថា គណៈកម្មាធិការជាតិការពារ និងត្រួតពិនិត្យជំងឺឆ្លង COVID-19 បានឲ្យដឹងថា ខ្លួនក៏បានធ្វើការត្រួតពិនិត្យមនុស្សចំនួន ៣,៤២១នាក់នៅឯមជ្ឈមណ្ឌលស្នាក់នៅចំនួន ៤៤កន្លែង នៅទូទាំងប្រទេសផងដែរ៕