(ឡាអេ)៖ ជនសង្ស័យម្នាក់ក្នុងចំណោម ០៤នាក់ ដែលស្ថិតក្រោមការកាត់ក្តីដោយកំបាំងមុខ ជុំវិញករណីបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី (Malaysia Airlines) កាលពីឆ្នាំ២០១៤ បានឆ្លើយបដិសេធថា ខ្លួនមិនបានជាប់ពាក់ព័ន្ធជាមួយការបាញ់ទម្លាក់យន្តហោះនោះ ឬក៏ការផ្តត់ផ្គង់មីស៉ីល ដែលត្រូវបានប្រើប្រាស់ក្នុងការបាញ់វាឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។
យន្តហោះដឹកអ្នកដំណើរ MH17 បានចាកចេញពីទីក្រុងអាំស្ទ័រដាំ (Amsterdam) របស់ហូឡង់ ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរបស់ម៉ាឡេស៉ី ប៉ុន្តែវាត្រូវបានបាញ់ធ្លាក់ដោយមីស៉ីលហោះមកពីដែនដី ដែលស្ថិតក្រោមការត្រួតត្រារបស់ក្រុមឧទ្ទាម កំឡុងជម្លោះប្រដាប់អាវុធ នៅឯភាគខាងកើតប្រទេសអ៊ុយក្រែន។ មនុស្សទាំង ២៩៨នាក់ ដែលធ្វើដំណើរលើយន្តហោះនោះ បានបាត់បង់ជីវិតទាំងអស់។
គួរជម្រាបថា ក្រោយការស៉ើបអង្កេតជាលក្ខណៈអន្តរជាតិ ប្រព្រឹត្តទៅអស់រយៈពេលជិត ០៦ឆ្នាំ ជនសង្ស័យចំនួន ០៤នាក់ត្រូវឡើងសវនាការ ដើម្បីទទួលការក្តីដោយកំបាំងមុខ កាលពីខែមីនាកន្លងទៅ។ ក្នុងចំណោមនោះមានតែជនឈ្មោះ អូលែក ពូតាឡូវ (Oleg Putalov) ម្នាក់ប៉ុណ្ណោះ ដែលបានប្រាប់ឲ្យមេធាវីចេញមុខការពាររូបខ្លួន។
ក្នុងថ្ងៃចន្ទសប្តាហ៍នេះ នៅឯតុលាការក្នុងទីក្រុងឡាអេ មេធាវីរបស់ Putalov បាននិយាយដូច្នេះថា «លោក Putalov មិនបានចូលរួមចំណែក ហើយក៏មិនបានជាប់ពាក់ព័ន្ធអ្វីឡើយ។ លើសពីនេះទៀតលោក Putalov ក៏ពុំដឹងរឿងអ្វីទាំងអស់ទាក់ទងថា តើយន្តហោះ MH17 ត្រូវបានបាញ់ទម្លាក់ដោយរបៀបណា ឬមួយក៏ហេតុអ្វីបានជាយន្តហោះត្រូវបានបាញ់ទម្លាក់នោះ»៕