(រ៉ង់ហ្គូន)៖ អាជ្ញាធរមីយ៉ាន់ម៉ា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា មានផ្ទះចំនួន ២៣ខ្នង ត្រូវបានបំផ្លាញទាំងស្រង់ ហើយប្រជាជនជាង ៣,២០០នាក់ បានរងផលប៉ះពាល់ ដោយសារទឹកជំនន់ ដែលបង្កឡើងដោយព្យុះភ្លៀងនាពេលថ្មីៗនេះ នៅឯរដ្ឋកាឈិន(Kachin) ស្ថិតភាគជើងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។
លោក Daw Phyu Lei Lei Tun ប្រធានមន្ទីរគ្រប់គ្រងគ្រោះមហន្តរាយ បានរាយការណ៍ឲ្យដឹងថា«ផ្ទះចំនួន ២៣ខ្នង ត្រូវបានបំផ្លាញ ហើយប្រជាជនចំនួន ២,៨៧៥ នាក់ មកពី ៤១០គ្រួសារ នៅសង្កាត់ Phakant ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពចំនួន ០៤ និងទៅកាក់ផ្ទះរបស់សាច់ញាតិរបស់ពួកគេ ដោយសារភ្លៀងធ្លាក់ខ្លាំងពេក កាលពីថ្ងៃទី២៤ និង២៥ ខែកញ្ញាកន្លងទៅ»។
មន្ត្រីដដែលនេះ បានបន្ថែមទៀតថា ចំណែកឯកាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាជនសរុបចំនួន ៤២៤នាក់ មកពី ៩៧គ្រួសារ នៅសង្កាត់ Myitkyina ត្រូវបានផ្លាស់ប្តូរទីលំនៅជាបណ្តោះអាសន្ន ទៅកាន់ជម្រកទឹកជំនន់ចំនួន ០៦ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងដូចគ្នា។
ដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិនេះ មន្រ្តីរដ្ឋាភិបាលថ្នាក់តំបន់ សហការជាមួយនឹងមន្រ្តីរបស់នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅដល់កន្លែងកើតហេតុ និងបានផ្តល់ជំនួយមនុស្សធម៌ រួមមានដូចជាអាហារចាំបាច់ និងម៉ាសមុខជូនដល់ជនរងគ្រោះទាំងនោះ៕