(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រទេសថៃបានប្រកាសពីការសម្រេចចិត្ត បន្តវិធានរឹតបន្តឹងប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ជាលើកទី ៦ រហូតដល់ចុងខែតុលា ឆ្នាំ២០២០ បើទោះបីជាប្រទេសមួយនេះ បានធូរស្រាលខ្លាំងមែនទែនក៏ដោយ។
២៖ ប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ជាង ៤,៧៣២,៣០0ករណីហើយ ខណៈប្រជាជន កាន់តែច្រើនសម្រុកទៅហាលថ្ងៃកម្សាន្ត នៅតាមតំបន់ឆ្នេរនានាជាពិសេសនៅទីក្រុងរីយ៉ូ ដែលកំពុងបង្កឲ្យមានការព្រួយបារម្ភថា ករណីឆ្លងនឹងបន្តកើនឡើងថែមទៀត។
៣៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ខ្លួនបានពិនិត្យសំណាករក COVID-19 លើមនុស្សជាង ៥០,០០០នាក់ហើយ បើគិតចាប់តាំងពីខែមករា ដើមឆ្នាំ២០២០ ខណៈប្រទេសអាស៊ានមួយនេះ នៅតែមានករណីឆ្លងតិចតួចជាទីបំផុត។
៤៖ យ៉ាងហោចណាស់ទាហាន និងជនស៊ីវិលសរុប ២១នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់រងរបួស នៅក្នុងការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពអាមេនី និងអាហ្សែបៃហ្សង់ នៅតំបន់ជម្លោះរវាងប្រទេសទាំងពីរនេះ ដែលមិនធ្លាប់មាននោះឡើយគិតចាប់តាំងពីឆ្នាំ២០១៦។
៥៖ កាសែត New York Times បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយ ដោយអះអាងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានបង់ពន្ធលើបា្រក់ចំណូល ជូនរដ្ឋអស់រយៈពេល ១០ឆ្នាំក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីឆ្នាំ២០០០។
៦៖ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកគួរតែរួមដៃគ្នា ប្រឈមមុខនឹងសង្គ្រាមត្រជាក់ថ្មីមួយ ជាមួយប្រទេសចិន ទោះបីជានរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខនេះក៏ដោយ៕