(ហ្សាការតា)៖ កូនភ្លោះអាយុ១០ខែ ២នាក់ ស្ថិតក្នុងចំណោមមនុស្សយ៉ាងហោចណាស់១១នាក់ បានស្លាប់ ដោយសារគ្រោះរអិលបាក់ដី នៅទូទាំងទីក្រុងឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ប្រធានផ្នែកស្រាវជ្រាវ និងប្រតិបត្តិការក្នុងតំបន់ លោក Amiruddin បានប្រាប់ទីភ្នាក់ងារ AFP នៅថ្ងៃចន្ទនេះ ដូច្នេះថា៖ «ភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំងបណ្តាល ឲ្យមានការបាក់ដី នៅទីតាំងជាច្រើនកន្លែងក្នុងពេលតែមួយ ខណៈមនុស្សមួយចំនួន មិនអាចជួយសង្គ្រោះខ្លួនឯងបានទេ»។
ប្រធានផ្នែកស្រាវជ្រាវរូបនេះ បានបន្ថែមទៀតថា ក្នុងហេតុការណ៍គ្រោះរអិលបាក់ដីខាងលើ ដែលបានកើតឡើងនៅជុំវិញតំបន់ Tarakan ស្ថិតលើកោះ Borneo បានបណ្តាលឲ្យមនុស្ស១១នាក់ បាត់បង់ជីវិត ហើយក្នុងចំណោមអ្នកទាំងនេះ មានទារកទើបតែអាយុ១០ខែ ពីរនាក់ដែលជាកូនភ្លោះត្រូវបានគេប្រទះឃើញដេកស្លាប់ ជាមួយឪពុករបស់ពួកគេ។
ក្រៅពីករណីមនុស្សស្លាប់ មានផ្ទះចំនួន ១៩ខ្នង ក៏ត្រូវបានបំផ្លាញផងដែរ។ ការបាក់ដី និងគ្រោះទឹកជំនន់ កើតឡើងជាញឹកញាប់ណាស់ នៅទូទាំងប្រជុំកោះឥណ្ឌូណេស៊ី។ ជាក់ស្ដែងកាលពីខែកក្កដា មនុស្សរាប់សិបនាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់ និងការបាក់ដីយ៉ាងខ្លាំង បានរាយប្រហារផ្នែកខ្លះ នៃខេត្តស៊ូឡាវ៉ាសេស៊ី។
ទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី បានប៉ាន់ប្រមាណថា ប្រជាជនឥណ្ឌូណេស៊ីប្រមាណ ១២៥លាននាក់ ដែលស្ទើរតែពាក់កណ្តាល នៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ កំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ នៃគ្រោះរអិលបាក់ដី៕