(អ៊ីស្លាម៉ាបាត)៖ មន្រ្តីប្រឆាំងអំពើពុករលួយប៉ាគីស្ថាន នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញានេះ បានចាប់ខ្លួនមេបក្សប្រឆាំងរបស់ប្រទេសនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេប្រឆាំង រូបនេះ បានប្តេជ្ញាជួយដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីរំលាយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Imran Khan។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
លោក Shahbaz Sharif ដែលជាមេដឹកនាំក្រុមប្រឆាំង នៅក្នុងរដ្ឋសភាជាតិរបស់ប្រទេសប៉ាគីស្ថាន ត្រូវបានចាប់ខ្លួននៅទីក្រុង Lahore បន្ទាប់ពីតុលាការកំពូល របស់ទីក្រុងនេះ បានច្រានចោលការសុំនៅក្រៅឃុំ ជុំវិញករណីលាងលុយកខ្វក់។
គួរបញ្ជាក់ថា លោក Shahbaz Sharif គឺជាបងប្អូនរបស់លោក Nawaz Sharif ដែលជាអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ដែលត្រូវបានធ្លាក់ចេញពីតំណែង ក្រោម បទចោទប្រកាន់ ជុំវិញអំពើពុករលួយ កាលពីឆ្នាំ២០១៧ ហើយបច្ចុប្បន្នកំពុងស្នាក់នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារកាលពីដើមឆ្នាំ២០២០ នេះ ដើម្បីព្យាបាលជំងឺ។
ការចាប់ខ្លួននេះ បានកើតឡើងចំពេលដែលគណបក្សប្រឆាំង បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីដកលោក Imran Khan ចេញពីតំណែង ដោយប្តេជ្ញាកាលពីដើមខែនេះថា នឹងចាប់ផ្តើមធ្វើបាតុកម្មនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីទាមទារឲ្យរំលាយរដ្ឋាភិបាល។ សម្ពាធបាន និងកំពុងកើតមានជុំទិស ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Khan នៅប៉ុន្មានខែចុងក្រោយ ខណៈសេដ្ឋកិច្ចរបស់ប្រទេស ត្រូវបានបំផ្លាញដោយឱនភាពសារពើពន្ធ វិបត្តិអតិផរណា និងការធ្លាក់ចុះនៃរូបិយប័ណ្ណ៕