(ឡុងដ៍)៖ សាកលវិទ្យាល័យជាង ៣០កន្លែងនៅទូទាំងចក្រភពអង់គ្លេស បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ចាប់តាំងពីការចាប់ផ្តើមឆមាសថ្មីនៅដើមខែនេះ ខណៈនិស្សិតរាប់ពាន់នាក់ ត្រូវបានដាក់ឲ្យស្ថិតនៅដាក់ដោយឡែកពីគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។
ទូរទស្សន៍ BBC បានឲ្យដឹងថា មិនមានតួលេខផ្លូវការចេញពីរដ្ឋាភិបាលអង់គ្លេសនោះទេ ប៉ុន្តែបើយោងតាមរបាយការណ៍ក្នុងស្រុក បានបង្ហាញថា មានសកលវិទ្យាល័យប្រមាណជាង ៣០កន្លែង ក្នុងចំណោមសកលវិទ្យាល័យទាំងអស់ ១៣០ នៅចក្រភពអង់គ្លេស មានករណីឆ្លង COVID-19 រហូតមកទល់ពេលនេះ។
ជុំវិញបញ្ហានេះដែរ សារព័ត៌មាន Sky News បានរាយការណ៍ថា សាកលវិទ្យាល័យ Manchester Metropolitan បានបង្គាប់ឲ្យនិស្សិតប្រមាណ ១,៧០០ នាក់ដាក់ខ្លួនឯងឲ្យស្ថិតនៅដាក់ដោយឡែកពីគេ បន្ទាប់ពីករណីឆ្លងចំនួន ១២៧ករណី ត្រូវបានបញ្ជាក់។ ចំណែកកឯសាកលវិទ្យាល័យ Glasgow មានករណីឆ្លងចំនួន ១៧២នាក់ និងនិស្សិតចំនួនជាង ៦០០នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។ ។
គួរជម្រាបថា បើតាមសកលវិទ្យាល័យ បានឲ្យដឹងថា ចង្កោមចម្លងនេះ ដំបូងឡើយត្រូវបានរកឃើញនៅក្នុងសាលស្នាក់នៅរបស់និស្សិតចំនួនពីរកន្លែងនៃសកលវិទ្យាល័យ Glasgow ។ ការផ្ទុះឡើងនេះ មានជាប់ទាក់ទងនឹងពិធីជប់លៀងរបស់ក្រុមនិស្សិតទើបចូលសកលវិទ្យាល័យថ្មីៗ នៅដើមខែកញ្ញានេះ៕