(វ៉ាស៊ីនតោន)៖ អ្នកជំនាញសុខាភិបាលជាន់ខ្ពស់អាមេរិកពីររូបបានអះអាងថា ទីប្រឹក្សាសេតវិមានលោក ស្កុត អាត្លាស់ (Scott Atlas) បានផ្ដល់ព័ត៌មានដែលបានបង្កការយល់ច្រឡំ ឬព័ត៌មានមិនត្រឹមត្រូវ ជុំវិញការឆ្លងរាតត្បាត COVID-19 ទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។

លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) ជាអ្នកជំនាញជំងឺឆ្លងអាមេរិក បានប្រាប់ CNN នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា លោកពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទិននឹងព័ត៌មានចុងក្រោយបំផុតស្ដីពី COVID-19 ដែលលោក Atlas បានផ្ដល់ឱ្យអង្គភាពប្រឆាំង COVID-19 ដ្បិតព័ត៌មានទាំងនេះមិនត្រឹមត្រូវតាមបរិបទ និងខុសពីការពិត។ ការអត្ថាធិប្បាយរបស់លោក Fauci បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) លោក រ៉ូប៊ឺត រ៉េដហ្វៀល (Robert Redfield) បានបង្ហាញការព្រួយ បារម្ភដូចគ្នានេះដែរ ជាមួយការបញ្ជាក់អ្វីគ្រប់យ៉ាងដែលលោក Atlas បាននិយាយគឺមិនត្រឹមត្រូវ។

គួរជម្រាបថា ទីប្រឹក្សានៃអង្គភាពប្រឆាំង COVID-19 នៃសេតវិមាន លោក Scott Atlas ដែលជាអ្នកជំនាញវិទ្យុកម្មផ្នែកប្រព័ន្ធប្រសាទ ត្រូវបានគេដឹងថា មិនមានចំណេះដឹងផ្នែកជំងឺឆ្លងទេ។ លោក Atlas បានចូលរួមជាមួយអង្គភាពប្រឆាំង COVID-19 របស់លោក ត្រាំ កាលពីខែសីហាកន្លងទៅ ហើយបច្ចុប្បន្នលោកកំពុងរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោកមើលស្រាលពី សារៈសំខាន់នៃការពាក់ម៉ាស និងបង្ហាញទស្សនៈគាំទ្រលើប្រព័ន្ធភាពសុំាបែបធម្មជាតិ។ ពោលគឺលោកយល់ថា កាលណាមនុស្សម្នាក់ឆ្លង COVID-19 នោះគេអាចនឹងមាន ប្រព័ន្ធភាពសុំាដោយខ្លួនឯង។

គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតលើលោក ដោយករណីឆ្លងមានសរុបជាង ៧.៣៦លានករណី ក្នុងនោះស្លាប់ជិត ២១ម៉ឺននាក់ និងជាសះស្បើយវិញជាង ៤.៦លាននាក់៕