(អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅក្នុងកំលុងពេលជជែកវែកញែក តទល់គ្នាជាមួយដៃគូប្រកួតប្រជែងគឺលោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំង COVID-19 ក្នុងពេលឆាប់ៗនេះ ខណៈលោក បៃដិន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីប្រសិទ្ធភាពនៃវ៉ាក់សាំដែលនឹងត្រូវបញ្ចេញនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។
លោក ត្រាំ បានគូសបញ្ជាក់ថា វ៉ាក់សាំងមួយអាចនឹងអភិវឌ្ឍបានឆាប់ ប្រសិនបើគ្មានការជ្រៀតជ្រែកផ្នែកនយោបាយ ហើយលោកក៏បានចោទប្រកាន់លោក ចូ បៃដិន ផងដែរពីការប្រមាថមើលងាយ និងមិនទុកចិត្តលើវ៉ាក់សាំង ដែលមានសក្តានុពលនេះបន្ទាប់ពីលោក បៃដិន បានវាយប្រហារចំពោះការលើកឡើងអំពីវ៉ាក់សាំងនេះថា «ខ្ញុំមិនទុកចិត្តគាត់ទាល់តែសោះ ទៅនឹងការប្រញាប់បង្កើតវ៉ាក់សាំង COVID-19 នេះ ដោយខ្ញុំភ័យព្រួយថា វានឹងអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង»។
ជាកិច្ចបន្តលោក ត្រាំ ក៏បានប្រៀបធៀបពីបញ្ហាផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតសក (COVID-19) ជាមួយនឹងបញ្ហាផ្ទុះឡើងនៃជំងឺផ្តាសាយជ្រូក ដែលបានកើតឡើងអំឡុងពេលលោក បៃដិន ធ្វើជាអនុប្រធានាធិបតីអាមេរិកផងដែរថា ជំងឺផ្តាសាយជ្រូកគឺជាជំងឺឆ្លងកម្រិតស្រាល និងបានឆ្លងទៅមនុស្សតិចតួចបំផុត បើប្រៀបធៀបទៅនឹងជំងឺ COVID-19 ព្រោះវាបានធ្វើឲ្យចំនួនអ្នកស្លាប់ត្រឹមតែ ១៤,០០០នាក់ប៉ុណ្ណោះ។
ជុំវិញការលើកឡើងខាងលើនេះ លោក ចូ បៃដិន បានវាយបកវិញថា ប្រធានាធិបតីអាមេរិករូបនេះ គ្មានផែនការច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងរាតត្បាតសកល (COVID-19) នោះទេ ដែលជាហេតុនាំឲ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេលើពិភពលោកបែបនេះ។
ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្របក្សប្រជាធិបតេយ្យបានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ម្តងហើយម្តងទៀត ទៅលើការប្រញាប់បង្កើតវ៉ាក់សាំង ដើម្បីទទួលបានគាំទ្រ និងប្រជាប្រិយភាព មុនការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ ដោយពួកគេបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា វានឹងអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង៕