(អាមេរិក)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងបេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានវាយប្រហារគ្នាទៅវិញទៅមក ដោយពាក្យសម្ដីយ៉ាងសម្បើមអស្ចារ្យ នៅក្នុងវេទិកាតស៊ូមតិលើកដំបូង នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ពាក់ព័ន្ធនឹង COVID-19, សេដ្ឋកិច្ច, ពន្ធ និងអំពើហិង្សានៅក្នុងសហរដ្ឋអាមេរិកជាដើម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

វេទិកាតស៊ូមិតលើកដំបូងរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន ដែលមានរយៈពេល ៩០នាទី និងដឹកនាំដោយអ្នកសម្របសម្រួលគឺលោក គ្រីស វ៉លឡេស (Chris Wallace) ជាពិធីករទូរទស្សន៍ Fox News ត្រូវបានរៀបចំឡើងនៅឯសាកលវិទ្យាល័យ ខេសវែស្ទឺនរីសឺវ (Case Western Reserve University) ក្នុងទីក្រុង ក្លេវលែនដ៍ (Cleveland)។ បេក្ខជនទាំងពីរមិនបានចាប់ដៃគ្នាឡើយ ដោយដើរទៅកាន់វេទិកា ក្រោមការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ដើម្បទប់ស្កាត់ការឆ្លង COVID-19។

នៅក្នុងវេទិកាដែលពោពេញដោយភាពតានតឹង លោក ត្រាំ បានកាត់ការឆ្លើយសំនួរជាច្រើនលើករបស់លោក បៃដិន ដែលបានហៅលោក ត្រាំ ថាជា «តួត្លុកកំប្លែង និងជនរើសអើង» ព្រមទាំងជាប្រធានាធិបតីដ៏អាក្រក់បំផុត មិនធ្លាប់មានពីមុនមកនៅក្នុងសហរដ្ឋអាមេរិក។ ជាការឆ្លើយតប លោក ត្រាំ និយាយថា « ចូ! អ្នកឯងមិនមានភាពវ័យឆ្លាតទាល់តែសោះ»

ក្រោយមកទៀត នៅពេលចូលដល់សាច់រឿង COVID-19 លោក បៃដិន បានចោទប្រកាន់លោក ត្រំា ថាបានបរាជ័យក្នុងការពារអាយុជីវិតប្រជាជនអាមេរិកច្រើនជាង ២សែននាក់ដែលបានស្លាប់ដោយសារ COVID-19 ព្រោះរវល់គិតគូរតែពីរឿងសេដ្ឋកិច្ចជ្រុលពេក។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «មនុស្សជាច្រើនបានស្លាប់ និងមនុស្សជាច្រើនទៀតនឹងបន្តស្លាប់រហូតទាល់តែលោក (លោក ត្រាំ) មានភាពវ័យឆ្លាតជាងនេះ»។ ភ្លាមៗនោះលោក ត្រាំ ជំទាស់នឹងលោក បៃដិន សម្រាប់ការប្រើប្រាស់ពាក្យ «ឆ្លាតវៃ» នេះ។ លោក ត្រាំ វាយបកត្រឡប់ទៅវិញថា «អ្នកឯង (លោក បៃដិន) បានបញ្ចប់ការសិក្សា ដោយទទួលបានពិន្ទុទាបបំផុតនៅក្នុងថ្នាក់។ ដូច្នេះកុំនិយាយពាក្យឆ្លាតនេះជាមួយខ្ញុំ។ កុំប្រើពាក្យនេះឱ្យសោះ»

មិនតែប៉ុណ្ណោះលោក ត្រាំ ថែមទាំងការពារចំណាត់ការ និងការដោះស្រាយ COVID-19 នៃរដ្ឋបាលរបស់លោកទៀតផង ទោះបីជាប្រជាជនអាមេរិកច្រើនជាង ២សែននាក់ទៅហើយបានស្លាប់ នៅក្នុងចំណោមករណីឆ្លងសរុបជាង ៧លាននាក់ក៏ដោយ។ «យើងបានធ្វើការងារដ៏អស្ចារ្យ។ ប៉ុន្តែខ្ញុំសូមប្រាប់អ្នកថា អ្នកមិនអាចធ្វើការងារដូចដែលពួកយើងបានធ្វើនោះទេ។ អ្នកគ្មានវានៅក្នុងឈាមរបស់អ្នកទេ»។ នេះជាការលើកឡើងរបស់លោក ត្រាំ។

ដោយឡែកពាក់ព័ន្ធនឹងការចោទថា លោក ត្រាំ មិនបានបង់ពន្ធជូនរដ្ឋអស់ជាង ១០ឆ្នាំនោះ ប្រធានាធិបតីកំពុងកាន់អំណាចរូបនេះបានអះអាងដដែលថា លោកបានបង់ពន្ធជូនរដ្ឋជានិច្ច ប៉ុន្តែលោក បៃដិន ទទូចឱ្យលោក ត្រាំ បង្ហាញពីការបង់ពន្ធលើប្រាក់ចំណូល ដែលលោករកបាន។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិចុងក្រោយបំផុត មុនការតស៊ូមតិខាងលើនេះរៀបចំឡើង លោក ចូ បៃដិន អាយុ ៧៧ឆ្នាំ នៅតែបន្តនាំមុខដោយទទួលបានសំឡេងគាំទ្រ ៥១ភាគរយ ខណៈលោក ដូណាល់ ត្រាំ អាយុ ៧៤ឆ្នាំ ទទួលបានសំឡេងគាំទ្រ ៤២ភាគរយ។ ការបោះឆ្នោតប្រធានាធិបតី នឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០៕