(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិក ០៦នាក់ ក្នុងចំណោម ១០នាក់ ដែលបានទស្សនាការផ្សាយផ្ទាល់វេទិកាតស៊ូមតិបាននិយាយថា អតីតអនុប្រធានាធិបតីលោក ចូ បៃដិន ធ្វើបានល្អនៅក្នុងការតស៊ូមតិនៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ ហើយមានតែ ២៨ភាគរយប៉ុណ្ណោះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើបានល្អ។ នេះបើតាមការស្ទង់មតិ លើអ្នកទស្សនាការតស៊ូមតិរបស់ទូរទស្សន៍ CNN សហការជាមួយក្រុមហ៊ុន SSRS។
នៅក្នុងការធ្វើសម្ភាសន៍ជាមួយអ្នកបោះឆ្នោតខាងលើដដែល មុនពេលវេទិកាតស៊ូមតិ ៥៦ភាគរយបាននិយាយថា ពួកគេរំពឹងថាលោក បៃដិន នឹងធ្វើបានល្អ ខណៈ៤៣ភាគរយរំពឹងថាលោក ត្រាំ នឹងធ្វើបានល្អ។ លទ្ធផលស្ទង់មតិក្រោយការតស៊ូមតិនេះ គឺវាស្រដៀងគ្នានឹងលទ្ធផលក្រោយវេទិកាតស៊ូមតិកាលពីឆ្នាំ២០១៦ ពោលគឺក្រោយការ តទល់ទល់គ្នាលើកដំបូងរវាងលោក ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុនដែរ ដោយនៅកាលណោះអ្នកដែលត្រូវបានសម្ភាសន៍ ៦២ភាគរយគិតថាលោកស្រី គ្លីនតុន នឹងទទួលបានជ័យជម្នះក្នុងការតស៊ូមតិ ខណៈ២៧ភាគរយប៉ុណ្ណោះជឿថា លោក ត្រាំ នឹងឈ្នះ។
ការស្ទង់មតិរបស់ CNN បានឱ្យដឹងទៀតថា ២ ភាគ ៣ នៃអ្នកត្រូវបានសម្ភាសន៍និយាយថា ចម្លើយរបស់លោក បៃដិន គួរឱ្យទុកចិត្តជាងលោក ត្រាំ (៦៥ភាគរយសម្រាប់ លោក បៃដិន និង ២៩ភាគរយសម្រាប់លោក ត្រាំ)។ ចំណែកឯ ៦៩ភាគរយយល់ថា ការវាយប្រហារពាក្យសម្ដីលើលោក ត្រាំ គឺជារឿងត្រឹមត្រូវ ខណៈ ៣២ភាគរយថាការវាយប្រហាររបស់លោក ត្រាំ លើលោក បៃដិន ត្រឹមត្រូវ។
បន្ថែមពីលើនេះ អ្នកដែលបានទស្សនាការតស៊ូមតិទៀតសោត ភាគច្រើនបាននិយាយថា ពួកគេជឿជាក់លើលោក បៃដិន ជាងលោក ត្រំា លើបញ្ហាធំៗដែលត្រូវបានលើកឡើង យកមកជជែកដេញដោលដោយក្នុងនោះសម្រាប់ បញ្ហារើសអើងពូជសាសន៍៖ ៦៦ភាគរយជឿលើលោក បៃដិន និង ២៩ភាគរយជឿលើលោកត្រាំ, បញ្ហាថែទាំសុខាភិបាល៖ ៦៦ភាគរយសម្រាប់លោក បៃដិន និង ៣២ភាគរយសម្រាប់លោក ត្រាំ, បញ្ហា COVID-19៖ ៦៤ភាគរយជឿលើ លោក បៃដិន និង ៣៤ភាគរយជឿលោក ត្រាំ និងបញ្ហាតុលាការកំពូល៖ ៥៤ភាគរយឈរខាងលោក បៃដិន និង ៤៣ភាគរយខាងលោក ត្រាំ។
ចំណែកឯបញ្ហាពាក់ព័ន្ធនឹងសេដ្ឋកិច្ចវិញ ៥០ភាគរយអះអាងថា ពួកគេពេញចិត្តលោក បៃដិន ខណៈ ៤៨ភាគរយពេញចិត្តលោក ត្រាំ និង ៦៣ភាគរយជឿថា លោក បៃដិន មានផែនការល្អ ក្នុងការដោះស្រាយបញ្ហារបស់ជាតិ ខណៈ ៣០ភាគរយប៉ុណ្ណោះជឿថា លោក ត្រាំ មានផែនការល្អ។ ជុំវិញបញ្ហាសេដ្ឋកិច្ចដដែលនេះ ៥៥ភាគរយមើលឃើញលោក បៃដិន ជាមេដឹកនាំរឹងមាំជាងលោក ត្រាំ ដែលទទួលបានតែ ៤៣ភាគរយ។
គួរបញ្ជាក់ថា អ្នកបោះឆ្នោតដែលបានទស្សនាការតស៊ូមតិ និងដែលត្រូវបានសម្ភាសន៍ខាងលើ ភាគច្រើនគឺជាអ្នកគាំទ្រគណបក្សរៀងៗខ្លួនដោយ ៣៩ភាគរយជាអ្នកប្រជាធិបតេយ្យ និង ២៥ភាគរយជាអ្នកសារធារណរដ្ឋ ខណៈអ្នកទស្សនា ៣៦ភាគរយទៀតបានអះអាងថា ពួកគេជាមនុស្សឯករាជ្យ ឬមិនមានបក្ស។ ក្រៅតែពីការស្ទង់មតិនេះ ការស្ទង់មតិថ្នាក់ជាតិចុងក្រោយបំផុត ក៏បានបង្ហាញដែរថា លោក ចូ បៃដិន អាយុ ៧៧ឆ្នាំ នៅតែបន្តនាំមុខដោយទទួលបានសំឡេងគាំទ្រ ៥១ភាគរយ ខណៈលោក ដូណាល់ ត្រាំ អាយុ ៧៤ឆ្នាំ ទទួលបានសំឡេងគាំទ្រ ៤២ភាគរយ។ ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០៕