(ហ្សេរុយសាឡឹម)៖ រដ្ឋសភាអ៉ីស្រាអែលបានអនុម័តច្បាប់ថ្មីមួយនាព្រឹកថ្ងៃពុធនេះ ជាផ្នែកមួយនៃការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែក្រុមអ្នករិះគន់បានចាត់ទុកថា ជាគោលបំណងរបស់រដ្ឋាភិបាល ដើម្បីរារាំងក្រុមអ្នកតវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី ៣០ ខែកញ្ញា ឆ្នាំ២០២០។

ច្បាប់ខាងលើត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ៤៦សំឡេង ទល់នឹង ៣៨សំឡេង ដែលជាផ្នែកនៃវិធានការមួយចំនួន ដែលត្រូវបានអនុម័តដោយសភា កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីពង្រឹងវិធានការរឹតត្បឹតនៅទូទាំងប្រទេស។ ប៉ុន្តែការជជែកដេញដោលគ្នានៅក្នុងសភា អំពីវិធានការនេះត្រូវបានបិទបញ្ចប់ទៅវិញ នៅពេលដែលរដ្ឋាភិបាលបានបរាជ័យ ក្នុងការទាក់ទាញសំឡេងគាំទ្រ ចំពេលដែលមានការតវ៉ាប្រឆាំង នៅខាងក្រៅសភាកាលពីថ្ងៃអង្គារម្សិលមិញ។

សម្រាប់វិធានការបិទខ្ទប់ប្រទេស បានចូលជាធរមានតាំងតែពីថ្ងៃទី១៨ ខែកញ្ញាមកម្ល៉េះ ដោយតម្រូវឲ្យបិទការិយាល័យធ្វើការភាគច្រើន, ទីផ្សារ, ព្រះវិហារ, សាលារៀន និងទីកន្លែងវប្បធម៌ជាច្រើនទៀត។ បន្ថែមពីនេះទៀតក៏មានការហាមឃាត់ ចំពោះការធ្វើដំណើរចម្ងាយច្រើនជាង ១គីឡូម៉ែត្រពីផ្ទះ តែមានការលើសម្រាប់គោលដៅសំខាន់ៗ ដូចជាការទៅទិញម្ហូបអាហារ និងថ្នាំ ឬការទទួលព្យាបាលបន្ទាន់ជាដើម។

ច្បាប់ថ្មីខាងលើនេះក៏នឹងផ្តល់អំណាចពិសេសឲ្យរដ្ឋាភិបាល អាចប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលបណ្តាលមកពីការឆ្លងរាលដាល នៃវីរុសកូរ៉ូណាសម្រាប់រយៈពេលមួយសប្តាហ៍។ ក្នុងកំឡុងពេលនោះ ការកំណត់១គីឡូម៉ែត្រលើការធ្វើដំណើរ នឹងអនុវត្តចំពោះការធ្វើការបាតុកម្ម ហើយក៏មានការរឹតបន្តឹងលើចំនួនអ្នកចូលរួមផងដែរ។

រហូតមកទល់ពេលនេះរដ្ឋាភិបាលអ៉ីស្រាអែល មិនទាន់បានប្រើអំណាចនេះនៅឡើយទេ ប៉ុន្តែជាមួយនឹងចំនួនករណីឆ្លងច្រើនជាង ២៣៧,០០០ករណី និងចំនួនអ្នកស្លាប់មានរហូតដល់ ១,៥២៨នាក់ នៅក្នុងប្រទេសដែលមានចំនួនប្រជាជនតែជាង ៩លាននាក់ បច្ចុប្បន្ននេះអ៉ីស្រាអែលមានអត្រាឆ្លងក្នុងចំណោមមនុស្សម្នាក់ៗ ខ្ពស់ជាងគេលើពិភពលោក។

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ មានការផ្ទុះបាតុកម្មតវ៉ាជារៀងរាល់សប្តាហ៍ នៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រីនៅទីក្រុងហ្សេរុយសាឡឹម ដោយទាមទារឲ្យលោក Netanyahu លាលែងពីដំណែង ដោយសារតែភាពបរាជ័យរបស់លោកក្នុងការគ្រប់គ្រងជំងឺរាតត្បាត COVID-19 និងអំពើពុករលួយ៕