(ពិភពលោក)៖ នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) លោក គីម សុង (Kim Song) បាននិយាយថា ប្រទេសរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការការពារខ្លួនពីការឈ្លានពានទាំងឡាយ ហើយបច្ចុប្បន្ននេះគឺជាពេលដែលត្រូវផ្ដោតជាសំខាន់ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច។

 

២៖ ព្រះរាជទាយាទនៃប្រទេសគុយវ៉ែត ព្រះអង្គម្ចាស់ ហ្សេក ណាវ៉ាហ្វ (Sheikh Nawaf) នាថ្ងៃពុធនេះបានធ្វើព្រះរាជពិធីសច្ចាប្រណិធាន នៅចំពោះមុខរដ្ឋសភាគុយវ៉ែត ដើម្បីស្នងរាជ្យជាព្រះមហាក្សត្រទី ១៦ របស់ប្រទេសអារ៉ាប់មួយនេះ។

 

៣៖ ធនាគារពិភពលោក (World Bank) បានប្រកាសថា ខ្លួនបានស្នើសុំក្រុមប្រឹក្សានាយក អនុម័តកញ្ចប់ថវិកា «១២ពាន់លានដុល្លារអាមេរិក» ដើម្បីជួយប្រទេសក្រីក្រក្នុងការបញ្ជាទិញ និងចែកចាយវ៉ាក់សាំង COVID-19។

 

៤៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌា នៅថ្ងៃពុធនេះបានរាយការណ៍ថា ប្រទេសនេះបានបាញ់សាកល្បងដោយជោគជ័យ នូវគ្រាប់មីស៊ីលឈ្មោះថា ប្រាហ៍ម៉ូស (BrahMos) ដែលអាចវាយប្រហារគោលដៅនៅរយៈចម្ងាយជាង ៤០០គីឡូម៉ែត្រ។

 

៥៖ ក្រសួងការបរទេសអាមេរិក បានប្រកាសថា រដ្ឋមន្ត្រីក្រសួងការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងម៉ុងហ្គោលីនៅសប្តាហ៍ក្រោយនេះ ដោយផ្តោតសំខាន់លើបញ្ហាប្រឈមនានាជាមួយប្រទេសចិន និងកូរ៉េខាងជើង។

 

៦៖ រដ្ឋសភាអ៉ីស្រាអែលបានអនុម័តច្បាប់ថ្មីមួយនាព្រឹកថ្ងៃពុធនេះ ជាផ្នែកមួយនៃការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែក្រុមអ្នករិះគន់បានចាត់ទុកថា ជាគោលបំណងរបស់រដ្ឋាភិបាល ដើម្បីរារាំងក្រុមអ្នកតវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) តែប៉ុណ្ណោះ៕