(តូក្យូ)៖ យោធាជប៉ុននៅថ្ងៃពុធនេះ បានស្នើរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide ឲ្យបង្កើនថវិកាប្រចាំឆ្នាំទី៩ របស់ខ្លួន រួមទាំងការផ្តល់មូលនិធិ ដើម្បីចាប់ផ្តើមអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយកម្រិតខ្ពស់ ដើម្បីទប់ទល់នឹងយន្តហោះថ្មីដែលកំពុងត្រូវបានដាក់ពង្រាយដោយប្រទេសចិន។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។
សំណើរបស់ក្រសួងការពារជាតិ ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធ ទី៣០ ខែកញ្ញានេះ ធ្វើឡើងដើម្បីទាមទារឲ្យរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក Suga បង្កើន កញ្ចប់ថវិកាការពារជាតិរហូតដល់ ៣.៣% ឬប្រហែលស្មើនឹង ៥២ពាន់លានដុល្លាអាមេរិក សម្រាប់ឆ្នាំ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែមេសាខាងមុខ។ ទោះជាយ៉ាងណា មន្ត្រីក្រសួងហិរញ្ញវត្ថុ នឹងពិនិត្យឡើងវិញចំពោះសំណើនេះ ហើយអាចនឹងកែប្រែខ្លះៗ មុននឹងបញ្ជូនវាទៅគណៈរដ្ឋមន្ត្រីរបស់លោក Suga។
ប្រសិនបើសំណើនេះ ត្រូវបានអនុម័ត្រមែននោះ មានន័យថាផែនការបង្កើនសមត្ថភាពយោធាដែលផ្តួចផ្តើមឡើងដោយអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ នឹងបន្ត ទៅមុខទៀត។ ផែនការដែលមើលឃើញថា យោធាជប៉ុនត្រូវតែអភិវឌ្ឍសមត្ថភាពយោធាខ្លួនឯងបន្ថែមទៀត តាមរយៈការបំពាក់បន្ថែមនូវយន្តហោះចម្បាំង គ្រាប់មីស៊ីល និងនាវាដឹកយន្តហោះចម្បាំងជាដើម នៅពេលដែលប្រទេសជិតខាង ដូចជាប្រទេសចិន បាននិងកំពុងបន្តពង្រីកឥទ្ធិពលកងទ័ពជើងទឹក និងកងទ័ពអាកាសនៅតំបន់ អាស៊ីខាងកើត កាន់តែខ្លាំងក្លាឡើង។
គួរជម្រាបថា ការស្នើសុំបង្កើនថវិកាការពារជាតិចុងក្រោយនេះ បានកើតឡើងចំពេលដែលអ្នកធ្វើគោលនយោបាយជប៉ុន កំពុងជជែកវែកញែកគ្នាជុំវិញ ការសម្រេចចិត្តថាតើ ត្រូវបំពាក់អាវុធ និងបណ្តុះបណ្តាលកងទ័ពរបស់ខ្លួន ដើម្បីមានសមត្ថភាពវាយប្រហារដល់ដែនដីដាច់ស្រយាល នៅក្នុងប្រទេសចិន កូរ៉េខាងជើង និងផ្នែកផ្សេងទៀតនៃទ្វីបអាស៊ី ដែរឬយ៉ាងណា៕