(បាគូ)៖ រដ្ឋាភិបាល អាហ្សែបៃហ្សង់ នៅថ្ងៃអាទិត្យនេះ បាននិយាយថា ទីក្រុង Ganja ដែលជាទីក្រុងធំទី២របស់ខ្លួន បានរងការវាយប្រហារដោយគ្រាប់មីស៊ីល បាញ់ចេញពីទឹកដីអាមេនី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០។
កងទ័ពអាមេនី បានបដិសេធថាខ្លួនមិនមែនជាអ្នកនៅពីក្រោយការវាយប្រហារនេះទេ ប៉ុន្តែមេដឹកនាំក្នុងតំបន់ Nagorno-Karabakh គាំទ្រដោយរដ្ឋាភិបាលអាមេនី បានអះអាងថាកងកម្លាំងរបស់ខ្លួន បានកម្ទេចមូលដ្ឋានទ័ពអាកាសមួយកន្លែងរបស់ អាហ្សែបៃហ្សង់ ក្នុងទីក្រុង Ganja។ ខាងអាហ្សែបៃហ្សង់ មិនទាន់បញ្ជាក់ ពីការខូចខាត ឬជនរងគ្រោះនៅក្នុងការវាយប្រហារនេះទេ។ ចំណែកឯ អាមេនី ក៏បានចោទថាកងទ័ពអាហ្សែបៃហ្សង់ បើកការវាយប្រហារលើទីក្រុង Stepanakert នៃតំបន់ Nagorno-Karabakh ផងដែរ ខណៈជម្លោះរវាងប្រទេសទាំងពីរនឹងកាន់តែក្ដៅគគុក។
គួរបញ្ជាក់ថា ជម្លោះរវាងប្រទេសទាំងពីរនេះផ្ទុះឡើងជាថ្មីកាលពីសប្តាហ៍មុនមកម្លេះ នៅក្នុងតំបន់ Nagorno-Karabakh ដោយបណ្ដាលឱ្យមនុស្សរាប់សិបនាក់ បាត់បង់ជីវិត និងរាប់រាយនាក់រងរបួស។ តំបន់ Nagorno-Karabakh ត្រូវបានច្បាប់អន្តរជាតិទទួលស្គាល់ថាជាផ្នែកមួយនៃទឹកដីអាហ្សែបៃហ្សង់ ប៉ុន្តែ ដោយសារតែមានជនជាតិអាមេនីរស់នៅច្រើន ពួកគេបានប្រកាសចាត់ទុកតំបន់នេះជាតំបន់ស្វយ័តរបស់ពួកគេ ក្រោមការគាំទ្រពីរដ្ឋាភិបាលអាមេនី៕