(ហ្សឺណេវ)៖ ប្រទេសឥណ្ឌានិងអាហ្វ្រិកខាងត្បូង បានស្នើសុំឲ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកលែងចំពោះច្បាប់កម្មសិទ្ធិបញ្ញា ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីសម្រួលដល់ប្រទេសទាំងនោះ ក្នុងការផលិតឬនាំចូលវ៉ាក់សាំង COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០។
នៅក្នុងលិខិតមួយ ដែលបានផ្ញើទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចុះថ្ងៃទី០២ ខែតុលា ប្រទេសទាំងពីរបានអំពាវនាវឲ្យអង្គការអន្តរជាតិមួយនេះ លើកលែងផ្នែកខ្លះនៃកិច្ចព្រមព្រៀង ស្តីពីទិដ្ឋភាពទាក់ទងនឹងពាណិជ្ជកម្មនៃកម្មសិទ្ធិបញ្ញា (TRIPS) ដែលគ្រប់គ្រងលើប៉ាតង់ពាណិជ្ជកម្ម ស្លាកសញ្ញាពាណិជ្ជកម្ម ច្បាប់រក្សាសិទ្ធិ និងច្បាប់កម្មសិទ្ធិបញ្ញាផ្សេងៗទៀតនៅទូទាំងពិភពលោក។
ប្រទេសឥណ្ឌានិងអាហ្វ្រិកខាងត្បូង បាននិយាយថា ប្រទេសកំពុងអភិវឌ្ឍន៍បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺ COVID-19 ខណៈសិទ្ធិកម្មបញ្ញា រួមទាំងប៉ាតង់ពាណិជ្ជកម្ម អាចនឹងក្លាយជាឧបសគ្គ សម្រាប់ពួកគេក្នុងការទទួលបានឱសថព្យាបាលក៏ដូចជាវ៉ាក់សាំង COVID-19 ដែលមានតំលៃសមរម្យ៕