(កាលីហ្វ័រញ៉ា)៖ ភ្លើងឆេះព្រៃសម្រាប់ឆ្នាំ២០២០នេះ គិតតែក្នុងរដ្ឋកាលីហ្វ័រញ៉ាមួយប៉ុណ្ណោះ គឺមានទំហំសរុបជាង ១.៦លានហិកតា ដែលធំជាងពីរដងបើធៀបនឹងឆ្នាំ២០១៩ ឬក៏ស្មើនឹងផ្ទៃដីនៃរដ្ឋ ខុនណិចធីខាន់ (Connecticut) របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។
រដ្ឋកាលីហ្វ័រញ៉ាដែលជារដ្ឋមានប្រជាជនរស់នៅ ច្រើនជាងគេបំផុតប្រចាំសហរដ្ឋអាមេរិក (ជាង៤០លាននាក់) បានរងគ្រោះដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ខណៈការកើនឡើងកម្តៅផែនដី ដែលបានបង្កឲ្យអាកាសធាតុក្តៅហួតហែងនោះ គឺត្រូវបានចាត់ទុកថា ជាកត្តាចម្បងបំផុត ដែលបានបង្កឲ្យមានគ្រោះធម្មជាតិដ៏អាក្រក់ៗទាំងនេះឡើង។
មនុស្សសរុប ៣១នាក់បានស្លាប់ ខណៈលំនៅឋានប្រជាជន និងអគារសាធារណៈសរុបចំនួន ៨,៤៥៤ខ្នងរងការបំផ្លាញ ដោយសារតែគ្រោះមហន្តរាយភ្លើងឆេះព្រៃ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ កាលពីឆ្នាំ២០១៨ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា មានទំហំមិនដល់មួយលានហិកតានោះឡើយ ប៉ុន្តែវាបានបង្កឲ្យមនុស្សស្លាប់រហូតដល់ទៅជាង ៨០នាក់ ដែលត្រូវបានចាត់ទុកថា ជាចំនួនមនុស្សស្លាប់ច្រើនបំផុត ដោយសារភ្លើងឆេះព្រៃនៅក្នុងប្រវត្តិសាស្ត្រ។
គួរបញ្ជាក់តាមអាជ្ញាធរឧតុនិយម នៃរដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថា រដ្ឋភាគនិរតីរបស់អាមេរិកមួយនេះ បានទទួលរងគ្រោះរាំងស្ងួតមិនធម្មតា កាលពីអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៧ ដែលបានបង្កឲ្យមានជំងឺរាតត្បាត និងសត្វល្អិតចង្រៃកើនឡើង ហើយទៅបំផ្លាញរុក្ខជាតិ និងផលដំណាំរបស់ប្រជាជនយ៉ាងដំណំ។ ឆ្លើយតបនឹងគ្រោះធម្មជាតិកាន់តែអាក្រក់ទៅៗនេះ រដ្ឋកាលីហ្វ័រក៏បានចាប់ផ្តើម យុទ្ធនាការកាត់បន្ថយកម្រិតបញ្ចេញឧស្ម័នពុល ទៅក្នុងបរិយាកាសផងដែរ ក្នុងនោះមានដូចជាការបង្កើនការប្រើប្រាស់រថយន្តអគ្គិសនី និងកាត់បន្ថយយានយន្តប្រើប្រេងសាំងជាដើម៕