(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អៀស៊ូឡា ហ្វុន ឌែរ ឡេយិន (Ursula von der Leyen) បានឱ្យដឹងថា លោកស្រីនឹងស្ថិតនៅដាច់ដោយឡែកពីអ្នកដទៃ (ចត្តាឡីស័ក) រហូតដល់ថ្ងៃអង្គារស្អែកនេះ បន្ទាប់ពីបានជួបពិភាក្សាជាមួយមនុស្សម្នាក់ ដែលត្រូវបានតេស្ដវិជ្ជមាន COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅជរសៀលថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃចន្ទនេះលោកស្រី ហ្វុន ឌែរ ឡេយិន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានទទួលដំណឹងថា មនុស្សម្នាក់ដែលបានចូលរួមជាមួយខ្ញុំក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារសប្ដាហ៍មុន ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 កាលថ្ងៃម្សិលមិញ (ថ្ងៃអាទិត្យ)»។
លោកស្រីប្រធានគណៈកម្មការអឺរ៉ុបរូបនេះបានបន្ថែមទៀតថា ជាការអនុវត្តតាមវិធានការដែលលោកត្រូវតែធ្វើ លោកស្រីនឹងស្នាក់នៅដាច់ដោយឡែកពីអ្នកដទៃ (ចត្តាឡីស័ក) រហូតដល់ព្រឹកថ្ងៃស្អែក (ថ្ងៃអង្គារ)។ ខ្ញុំបានធ្វើតេស្ដរួចហើយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយលទ្ធផលអវិជ្ជមាន ហើយលទ្ធផលតេស្ដនៅថ្ងៃនេះ នៅតែអវិជ្ជមានដដែល៕