(ហ្សាការតា)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា អ្នកជាប់ឃុំ និងអ្នកទោសសរុបចំនួន ១២៤នាក់ នៅក្នុងប្រទេសបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។
ប្រធានផ្នែកទំនាក់ទំនងសាធារណៈឥណ្ឌូណេស៊ី លោក រីកា អាព្រីយ៉ានទី (Rika Aprianti) បានគូសបញ្ជាក់យ៉ាងដូច្នេះថា អ្នកជាប់ឃុំ និងអ្នកទោសទាំងនោះបានឆ្លង COVID-19 ពីក្រុមមន្រ្តីកែតម្រូវ និងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ហើយពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក នៅក្នុងប្រទេសហើយ។
ជាមួយគ្នានេះដែរ លោក Aprianti ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ចំនួនអ្នកជាប់ឃុំ និងអ្នកទោសនៅក្នុងប្រទេសឥណ្ឌូណេស៊ី មានច្រើនលើសពីសមត្ថភាពដែលពន្ធនាគារអាចផ្ទុកហើយ ដោយមជ្ឈមណ្ឌលឃុំឃាំង និងពន្ធនាគារចំនួន ០៨កន្លែងដែលស្ថិតនៅក្នុងទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី អាចផ្ទុកអ្នកទោសបានត្រឹមតែ ៥,៧៩១នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ កំពុងផ្ទុកអ្នកទោសសរុបជាង ១៤,៧០០នាក់ហើយ។
គួរជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌូណេស៊ី មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសសរុប ៣០៧,១២០ករណី ក្នុងនោះមានអ្នកស្លាប់ ១១,២៥៣នាក់ និងជាសះស្បើយ ២៣២,៥៩៣នាក់៕