(ម៉ូស្គូ)៖ មជ្ឈមណ្ឌលឆ្លើយតបស្ថានការណ៍ COVID-19 នៃប្រទេសរុស្សី នៅថ្ងៃចន្ទនេះបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,៨៨៨ករណីបន្ថែម ដែលនាំឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១,២២៥,៨៨៩ករណី ដែលនេះជាអត្រាឆ្លងហក់ឡើងវិញគួរឲ្យព្រួយបារម្ភ ក៏ព្រោះតែរដូវក្តៅចូលមកដល់ ធ្វើឲ្យមនុស្សម្នាប្រមូលផ្តុំគ្នាកកកុញ នៅតាមទីសាធារណៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២០។
បើតាមមជ្ឃមណ្ឌលឆ្លើយតប COVID-19 នៃប្រទេសរុស្ស៊ី ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗខាងលើ ៣,៥៣៧ករណី បានរាយការណ៍ចេញពីទីក្រុងម៉ូស្គូ (Moscow) ដែលធ្វើឱ្យករណីឆ្លងសរុបនៅទីក្រុងនោះ បានកើនឡើងដល់ ៣០៧,៤៧៧ករណី»។ ក្រៅពីករណីឆ្លង COVID-19 ថ្មីៗខាងលើ ប្រទេសរុស្សីក៏បានកត់ត្រានូវការស្លាប់ថ្មីៗចំនួន ១១៧នាក់បន្ថែមទៀតផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ២១,៤៧៥នាក់ ខណៈអ្នកជំងឺសរុប ៩៨២,៣២៤នាក់បានជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសរុស្សីបានពិនិត្យសំណាករក COVID-19 លើមនុស្សជាង ៤៨លាននាក់ហើយ។ ទោះបីជារុស្ស៊ីបានប្រកាសចុះឈ្មោះវ៉ាក់សាំង COVID-19 ឈ្មោះ Sputnik V ដែលបានបង្កឲ្យពិភពលោកផ្អើលយ៉ាងខ្លាំងក៏ដោយ ក៏វ៉ាក់សាំងនោះតាមពិតទៅកំពុងតែស្ថិត នៅក្នុងការធ្វើតេស្តតំណាក់កាលទី ៣ ឬចុងក្រោយ (Phase III) នៅឡើយទេ ហើយវាត្រូវបានចាក់ការពារសាកល្បង ទៅលើបុគ្គលិកសុខាភិបាល និងមន្ត្រីពាក់ព័ន្ធជួរមុខរុស្ស៊ី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ប៉ុណ្ណោះ ខណៈប្រទេសមួយចំនួនទៀតបានស្ម័គ្រចិត្តរួមធ្វើតេស្ត៕