(ឡុងដ៍)៖ ប្រធានក្រុមទទួលបន្ទុកវ៉ាក់សាំងអង់គ្លេស លោកស្រី ខេត ប៊ីងហាំ (Kate Bingham) បាននិយាយថា ការចាក់វ៉ាក់សាំង COVID-19 ដល់មនុស្សគ្រប់គ្នានៅទូទាំងចក្រភពអង់គ្លេស នឹងមិនកើតឡើងឡើយ ដោយសារវ៉ាក់សាំងទាំងនោះ តម្រូវឱ្យចាក់តែអ្នកដែលអាចមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺនេះតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។
ក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times លោកស្រី Bingham បានគូសបញ្ជាក់ដូច្នេះថា «វានឹងមិនមានការចាក់វ៉ាក់សាំងដល់មនុស្សដែលមានអាយុក្រោម ១៨ឆ្នាំនោះទេ ព្រោះវាជាវ៉ាក់សាំងដែលតម្រូវឱ្យចាក់សម្រាប់តែមនុស្ស ដែលមានអាយុលើសចាប់ពី ៥០ឆ្នាំឡើងទៅ ក៏ដូចជាបុគ្គលិកសុខាភិបាល, អ្នកធ្វើការតាមមណ្ឌលថែទាំ និងអ្នកដែលងាយរងគ្រោះដោយសារ COVID-19 ប៉ុណ្ណោះ»។
កាសែត Financial Times ដោយផ្អែកលើការដកស្រង់សម្តីអ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេស ក៏បានរាយការណ៍កាលពីសប្តាហ៍មុនដែរថា ការធ្វើតេស្តវ៉ាក់សាំងនៅចក្រភពអង់គ្លេស អាចនឹងបញ្ចប់ក្នុងរយៈពេល ០៣ខែខាងមុខទៀត។ បើតាមលោកស្រី Bingham រដ្ឋាភិបាលអង់គ្លេស មានគោលដៅចាក់វ៉ាក់សាំង COVID-19 នេះលើមនុស្សប្រហែល ៣០លាននាក់ ក្នុងចំណោម ប្រជាជនអង់គ្លេសប្រហែល ៦៧លាននាក់ ប្រសិនបើវ៉ាក់សាំង COVID-19 ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពត្រូវបានអភិវឌ្ឍន៍ឡើងដោយជោគជ័យ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសអង់គ្លេសមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ៥០ម៉ឺនករណី ក្នុងនោះមានអ្នកស្លាប់ជាង ៤ម៉ឺននាក់ និងអ្នកជាសះស្បើយមិនទាន់មានទិន្នន័យច្បាស់លាស់ឡើយ។ អង់គ្លេសគឺជាប្រទេសចម្បងមួយ នៅក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេសជាច្រើន ដោយសារតែក្រុមហ៊ុនអាស្ត្រាហ្សេណេកា (AstraZeneca) និងសាកលវិទ្យាល័យអក់ស៍ហ្វឺដ (Oxford) ដែលទទួលបន្ទុកលើបញ្ហានេះ ជិតឈានទៅសម្រេចបានជោគជ័យ ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 នោះហើយ៕