(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានធ្វើដំណើរមកដល់ប្រទេសជប៉ុនហើយ និងកំពុងបើកកិច្ចប្រជុំជាមួយសមភាគីនានា មកពីបណ្តាប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិកហៅកាត់ថា ក្វាដ (Quad) មានដូចជា ជប៉ុន អូស្ត្រាលី និងឥណ្ឌា ដោយស្ថិតនៅក្នុងក្តីសង្ឃឹមថា នឹងអាចរកឃើញយុទ្ធសាស្ត្ររួមមួយ ដើម្បីទប់ទល់ឥទ្ធិពលចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។
ដំណើរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ មកកាន់ប្រទេសជប៉ុន គឺស្ថិតនៅក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសមានឥទ្ធិពលក្នុងតំបន់ ទាំងប៉ុន្មានប្រទេសខាងលើនេះ ខណៈសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ កំពុងតែមានភាពតានតឹងខ្លាំង ជាមួយប្រទេសចិន ដែលជាមហាអំណាចលេខ ១ ប្រចាំទ្វីបអាស៊ី។ ដោយឡែកលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលគ្រោងចេញទៅធ្វើទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី និងកូរ៉េខាងត្បូង ក្នុងគោលដៅស្រដៀងគ្នានោះត្រូវបានផ្អាកវិញហើយ ក្រោយពេលលោកឆ្លងជំងឺ COVID-19។
នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឥណ្ឌូ-ប៉ាស៊ីហ្វិក Quad លោក ម៉ៃក៍ ប៉ុមប៉េអូ បានលើកឡើងថា «យើងរំពឹងថា នឹងអាចចេញសេក្តីប្រកាសដ៏គួរឲ្យកត់សម្គាល់ នៅក្រោយកិច្ចប្រជុំ។ ពេលវេលាកំពុងដើរទៅមុខ ហើយវាពិតជាសំខាន់ខ្លាំងណាស់... ខ្ញុំពិតជារំភើប ដែលយើងអាចនៅទីនេះទាំងអស់គ្នា ហើយធ្វើវាឲ្យចេញជាលទ្ធផលក្នុងសប្តាហ៍នេះ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនកាន់តែតានតឹងខ្លាំងឡើង គិតចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្បថឡើងកាន់តំណែងជាផ្លូវការ កាលពីដើមឆ្នាំ២០១៧។ បញ្ហាប្រឈមធំៗដែលបាននិងកំពុងធ្វើឲ្យទំនាក់ទំនង រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ កាន់តែតានតឹងនោះមានដូចជា ជំងឺរាតត្បាតសកល COVID-19, សង្គ្រាមពាណិជ្ជកម្ម, បញ្ហាទីក្រុងហុងកុង, បញ្ហាកោះតៃវ៉ាន់ និងការបង្កើនឥទ្ធិពលចិន នៅតំបន់សមុទ្រចិនខាងត្បូងជាដើម។
ដោយឡែកសម្រាប់បណ្តាប្រទេសធំៗផ្សេងទៀតដូចជា ជប៉ុន ឥណ្ឌា និងអូស្ត្រាលី គឺសុទ្ធតែមានបញ្ហារកាំរកូសជាមួយចិនដូចៗគ្នា។ ប្រទេសចិននៅដើមសប្តាហ៍នេះ ក៏បានប្រកាសថ្កោលទោសកិច្ចប្រជុំ Quad របស់ប្រទេសទាំង ៤ ដឹកនាំដោយសហរដ្ឋអាមេរិកខាងលើនេះដែរ ដោយទីក្រុងប៉េកាំងបានចាត់ទុកថា វាជាចេតនាអាក្រក់មួយ ដែលចង់បង្អាក់ដំណើរការអភិវឌ្ឍរបស់ចិន៕