(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះបានដាក់ចេញបទបញ្ជាមួយ ដោយបង្គាប់ឱ្យមានខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច មុនសមាជបក្សពលករដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២១។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ការសម្រេចចិត្តខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងកំឡុងកិច្ចប្រជុំមួយនៃគណបក្សពលរដ្ឋ និងកើតឡើងចំពេល COVID-19 និងគ្រោះធម្មជាតិ កំពុងបបន្ថែមសម្ពាធដល់សេដ្ឋកិច្ចជាតិ។ KCNA បានឱ្យដឹងទៀតថា បទបញ្ជាថ្មីខាងលើរបស់លោក គីម ស្ថិតនោក្រោមពាក្យជម្រុញទឹកចិត្តមួយថា «ការតស៊ូ» ក្នុងនោះរួមមានការប្រឹងប្រែងថ្នាក់ជាតិ, ការបន្ថែមម៉ោង ឬពេលវេលាធ្វើការ និងបន្ថែមតួនាទីជាដើម។
គួរបញ្ជាក់ថា គណបក្សពលករកូរ៉េគ្រោងនឹងបញ្ចេញផែនការសេដ្ឋកិច្ចថ្មីមួយ នៅក្នុងសមាជបក្សនាខែមករា ឆ្នាំ២០២១ ដែលជាសមាជដំបូងបំផុត ក្នុងការរយៈពេល ០៥ឆ្នាំមកនេះ។ គិតចាប់តាំងពីកិច្ចចរចាកំពូលរវាងអាមេរិក និងកូរ៉េខាងជើងត្រូវបានជាប់គាំង ប្រទេសមួយនេះនៅតែបន្តស្ថិតក្រោមទណ្ឌកម្មពីអន្តរជាតិ ជាពិសេសអាមេរិកដដែល ហើយបូករួមទាំងវិបត្តិកូវីដ-១៩ និងគ្រោះធម្មជាតិផ្ទួនៗបានកើតឡើងនៅក្នុងឆ្នាំ២០២០ នេះទៀតនោះ សេដ្ឋកិច្ចកូរ៉េខាងជើងបាននិងកំពុងរងផលប៉ះពាល់ កាន់តែធ្ងន់ធ្ងរ ខណៈប្រជាជននានាត្រូវបានអ្នកតាមដានអន្តរជាតិព្យាករណ៍ថា នឹងជួបគ្រោះអត់ឃ្លានបន្ថែមទៀត ជាពិសេសនៅបណ្តាខេត្ត ដែលទើបរងគ្រោះដោយព្យុះ និងទឹកជំនន់៕