(រ៉ងហ្គូន)៖ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) បានបញ្ជាក់នៅក្នុងសារលិខិតមួយ ដែលចេញផ្សាយតាមរយៈបណ្ដាញទូរទស្សន៍មីយ៉ាន់ម៉ា ទៅកាន់សាធារណជនថា ប្រទេសអាស៊ានមួយនេះកំពុងរៀបចំ សម្រួលឲ្យពលរដ្ឋរបស់ខ្លួន ចូលរួមបោះឆ្នោតនៅក្នុងការបោះឆ្នោតសកល ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ ប្រកបទៅដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តបំផុត ខណៈចំនួនករណីឆ្លង COVID-19 កំពុងតែកើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។
លោកស្រី Suu Kyi បានគូសបញ្ជាក់នៅក្នុងសារលិខិតយ៉ាងដូច្នេះថា «យើងនឹងដឹកនាំការធ្វើតេស្តរក COVID-19 នៅថ្ងៃបោះឆ្នោតនាពេលខាងមុខនេះ ដែលនឹងប្រព្រឹត្តឡើងនៅឯការិយាល័យបោះឆ្នោត ថែមទាំងដំណើរការនៃការហ្វឹងហាត់ផងដែរ ដើម្បីត្រួតពិនិត្យមើលពីរបៀបដែលប្រជាជនរបស់យើង នឹងអាចទៅចូលរួមការបោះឆ្នោតបានដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តបំផុត។ ការហឹ្វកហាត់ប្រភេទនេះ នឹងប្រព្រឹត្តឡើងចំនួន ០៣លើកមុនថ្ងៃបោះឆ្នោត ហើយផ្អែកលើការហ្វឹងហាត់ទាំង ០៣លើកនេះ យើងនឹងធ្វើការពិចារណាដោយយកចិត្តទុកដាក់បំផុតថា តើច្បាប់ និងបទប្បញ្ញត្តិប្រភេទណា គួរតែត្រូវបានបង្កើតឡើង ដើម្បីដាក់ឲ្យអនុវត្តនៅថ្ងៃបោះឆ្នោតខាងមុខនេះ»។
ទន្ទឹមនឹងនេះ លោកស្រី Suu Kyi ក៏បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «យើងកំពុងចាត់វិធានការ ដើម្បីការពារប្រជាជនរបស់យើង ពីជំងឺរាតត្បាតសកល COVID-19 ក្នុងកំលុងពេលបោះឆ្នោតសកលនាពេលខាងមុខនេះ ដោយយើងកំពុងអនុវត្តការងារនេះមួយជំហានម្តងៗ និងប្រកាន់យកវិធីសាស្រ្តរួមមួយ ដើម្បីធានានូវសុខភាព និងសុវត្ថិភាពរបស់ប្រជាជនយើង ហើយថែមទាំងធានាបានថា ពួកគេនឹងអាចបំពេញភារកិច្ចរបស់ពួកគេបាន ដោយរីករាយផងដែរ»។
គួរជម្រាបថា ការបោះឆ្នោតសកលរបស់មីយ៉ាន់ម៉ាឆ្នាំ២០២០ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះ។ គិតត្រឹមថ្ងៃអង្គារនេះ មីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 សរុបជាង ១៨,៧៨១ករណី ក្នុងនោះស្លាប់ ៤៤៤នាក់ និងជាសះស្បើយវិញ ៥,៥៤៨នាក់ ឈរនៅលេខរៀងទី ៤ ប្រចាំអាស៊ាន ខណៈហ្វីលីពីនឈរលេខ១, ឥណ្ឌូណេស៊ីលេខ២ និងសិង្ហបុរីលេខ ៣៕