(បរទេស)៖ ចាប់ពីវេលាម៉ោង ៧៖០០នាទីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះតទៅ គឺជាពេលដែលភពផែនដីរបស់យើង និងភពអង្គារ (Mars) គោចរមកដល់ចំណុចកៀកគ្នាបំផុត គឺត្រឹមតែជា ៦២លានគីឡូម៉ែត្រប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ព័ត៌មានពីវែបសាយ Science Alert នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។
ទោះបីជាព្រឹត្តិការណ៍តែងតែកើតឡើងរៀងរាល់ ២៦ខែម្តងមែន តែលើកនេះគឺជាគម្លាតជិតគ្នាបំផុតហើយរវាងភពទាំងពីរ សម្រាប់រយៈពេល ១៥ឆ្នាំខាងមុខនេះ ឬយើងមិនអាចឃើញភពអង្គារនៅជិតជាងនេះឡើយ រហូតទាល់តែរយៈពេល ១៥ឆ្នាំទៀត ហើយវាក៏ឱកាសដ៏ល្អមិនគួររំលងផងដែរ សម្រាប់អ្នកចូលចិត្តគយគន់ផ្ទៃមេឃពេលរាត្រី ដោយសារភពអង្គារនឹងបញ្ចេញពន្លឺខ្លាំង ហើយធំជាងរាល់ដង និងងាយមើលឃើញ ទោះបីជាមានឬមួយក៏គ្មានកែវយឺតក៏ដោយ (ប៉ុន្តែបើយប់នេះមានភ្លៀង ឬពពកច្រើននោះ យើងមិនអាចមើលឃើញភពអង្គារឡើយ)។
ចំណែកឯគម្លាតដ៏កៀកបំផុត ដែលត្រូវបានគេកត់ត្រាទុកវិញគឺកាលពីឆ្នាំ២០០៣ ជាមួយចម្ងាយត្រឹម៥៥.៧លានគីឡូម៉ែត្ររវាងយើង និង ភពអង្គារ។ កាលពីឆ្នាំ២០១៨ គឺភពទាំងពីរក៏បានមកជិតគ្នាខ្លាំងគ្រាន់បើដែរ គឺគម្លាត៥៧.៦លានគីឡូម៉ែត្រ។ ប៉ុន្តែចាប់ពីពេលនេះ គម្លាតកៀកបំផុតរវាងផែនដីនិងភពអង្គារ នឹងកាន់តែឆ្ងាយទៅៗរហូតទាល់តែដល់ឆ្នាំ២០២៩ ទើបចាប់ផ្តើមខិតមកជិតវិញ ដោយនៅឆ្នាំ២០៣៥ យើងនិង Mars នឹងនៅចម្ងាយត្រឹម៥៦.៩លានគីឡូម៉ែត្រ ដែលជាចម្ងាយដ៏ជិតបំផុតមួយ។
គួរជម្រាបថា នៅពេលខ្លះផែនដី និងភពអង្គារអាចស្ថិតនៅចម្ងាយរហូតដល់ជាង ៤០០លានគីឡូម៉ែត្រពីគ្នាឯណោះ ដោយវាកើតឡើងនៅពេលផែនដី និងភពអង្គារស្ថិតនៅម្ខាងមួយពីព្រះអាទិត្យ ហើយនៅចំណុចឆ្ងាយបំផុត នៃគន្លងគោចររបស់ភពទាំងពីរជុំវិញព្រះអាទិត្យដែរ។ ការដែលផែនដី និងភពអង្គារមកក្បែរគ្នានេះហើយ ទើបកាលពីខែកក្កដាកន្លងទៅ មានការចេញបេសកកម្មបញ្ជូនយានអវកាស ដោយប្រទេសបីផ្សេងគ្នាឆ្ពោះទៅកាន់ភពអង្គារ។
យើងអាចសម្លឹងមើលទៅ ផ្ទៃមេឃភាគខាងកើតចាប់ពីវេលាម៉ោង ៧៖០០នាទីយប់ ឬដើម្បីឲ្យល្អពេញភ្នែកតែម្តងនោះ គឺចាប់ពីវេលាម៉ោង ៨៖០០នាទីយប់តទៅ នៅពេលមេឃស្រឡះគ្មានពពក ឬអ័ព្ទរំខាន។ លោកអ្នកនឹងបានឃើញ ផ្កាយមានពន្លឺពណ៌ទឹកក្រូចដ៏ចែងចាំ និងនឹងនរមួយ ដែលតាមពិតទៅ វានោះហើយគឺជាភពអង្គារ៕