(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់ម្នាក់ទៀតហើយនៅសេតវិមាន គឺលោក ស្ទេហ្វិន មីល្លើ (Stephen Miller) បាននិយាយថា លោកបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19 ដែលជាករណីចុងក្រោយបង្អស់ ត្រូវបានរាយការណ៍នៅក្នុងចង្កោមមន្រី្តជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ ចាប់តាំងពីប្រធានាធិបតីអាមេរិករូបនេះបានប្រកាសថា លោកមានផ្ទុកវីរុសកូរ៉ូណា (COVID-19) កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។
លោក Miller បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងរយៈពេល ០៥ថ្ងៃចុងក្រោយនេះ ខ្ញុំបានធ្វើការពីចម្ងាយ និងបាននៅដាច់ដោយឡែកពីគេ (ចត្តាឡីស័ក) ដោយខ្លួនផងដែរ ដោយធ្វើតេស្តឃើញលទ្ធផលអវិជ្ជមាន ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប៉ុន្តែនៅថ្ងៃអង្គារនេះខ្ញុំបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19 ហើយបាននិងកំពុងធ្វើចត្តាឡីស័ក និងទទួលការព្យាបាល»។ ជាមួយគ្នានេះដែរ លេខាធិការរងនៃសេតវិមាន លោក ប្រ៊ីយ៉ាន ម័រហ្គែនស្ទើន (Brian Morgenstern) បានប្រាប់ទូរទស្សន៍ CNN នៅល្ងាចថ្ងៃអង្គារសប្ដាហ៍នេះថា គ្មានករណីឆ្លង COVID-19 ថ្មីនៅក្នុងសេតវិមានក្រៅពីលោក Miller ទៀតទេ។
គួររំលឹកថា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានប្រកាសថា លោក និងលោកស្រីជំទាវទី១ មេឡានៀ (Melania Trump) បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 មន្ត្រីនៅសេតវិមានផ្សេងៗទៀតក៏បានប្រកាសថា ពួកគេបានធ្វើតេស្តវិជ្ជមានក្នុងរយៈប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ ក្នុងនោះរួមមានអ្នកនាំពាក្យសេតវិមាន លោកស្រី ខេឃឡេក ម៉ាកអ៊ីណានី (Kayleigh McEnany), អ្នករៀបចំយុទ្ធនាការរបស់លោក Trump គឺលោក ប៊ីល ស្ទេភាន (Bill Stepien), មន្រ្តីជំនិតរបស់លោកអនុប្រធានាធិបតី ម៉ៃក៍ ភែន (Mike Pence) គឺលោកស្រី ខេធី មីល្លើ (Katie Miller), លោក ស្ទេវហ្វិន មីល្លឺ (Stephen Miller), និងសមាជិកព្រឹទ្ធសភាសាធារណរដ្ឋមួយចំនួនរួមមាន លោក ម៉ៃក៍ លី (Mike Lee), លោក ថុម ធីល្លីស (Thom Tillis) និងលោក រ៉ូន ចនសុន (Ron Johnson) ជាដើម៕