(វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានណែនាំក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង COVID-19 នៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនចង់ប្រមូលទិន្នន័យអំពីសុវត្ថិភាពយ៉ាងហោចណាស់ ០២ខែ មុនការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ ហើយគោលការណ៍ណែនាំថ្មីនេះ ទំនងជានឹងពន្យារពេលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា សេតវិមានបានយល់ព្រមជាមួយនឹងគោលការណ៍ខាងលើ ដែលជាការបង្អាក់ក្តីសង្ឃឹមរបស់លោក ត្រាំ ក្នុងការទទួលបានវ៉ាក់សាំងមុនការបោះឆ្នោត។ នៅជុំវិញបញ្ហាខាងលើលោក ត្រាំ បានសម្តែងការមិនពេញចិត្តនៅក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «គោលការណ៍ណែនាំថ្មីរបស់ FDA នឹងធ្វើឲ្យកាន់តែលំបាកសម្រាប់យើង ដើម្បីទទួលបានការអនុម័តវ៉ាក់សាំងមុនថ្ងៃបោះឆ្នោត»។
គួរបញ្ជាក់ថា FDA បានចេញសេចក្តីណែនាំថ្មី ដោយដាក់ចេញនូវវិធានការតឹងរ៉ឹងបន្ថែមទៀត នោះគឺការតម្រូវឲ្យអ្នកចូលរួមក្នុងការធ្វើតេស្ដវ៉ាក់សាំង COVID-19 ស្ថិតនៅក្រោមការពិនិត្យតាមដានរយៈពេល ០២ខែបន្ថែមទៀតដើម្បីធានាថា វ៉ាក់សាំងពិតជាប្រសិទ្ធភាព និងសុវត្ថិភាព។ ការផ្លាស់ប្តូរខាងលើ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ FDA ដើម្បីហាមឃាត់ការលេងល្បែងនយោបាយជុំវិញវ៉ាក់សាំង និងជាការធានាឲ្យបាន នូវសុវត្ថិភាពសាធារណៈ។
លោក ភីធើ ម៉ាកស៍ (Peter Marks) ប្រធានផ្នែករដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ទទួលបន្ទុកការអនុម័តវ៉ាក់សាំង បានលើកឡើងយ៉ាងដូច្នេះថា «ការបើកចំហ និងភាពច្បាស់លាស់អំពីកាលៈទេសៈ ដែលយើងអាចចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 គឺរឿងសមស្រប និងមានសារៈសំខាន់ក្នុងការកសាងទំនុកចិត្តសាធារណៈ និងធានាការប្រើប្រាស់វ៉ាក់សាំង នៅពេលដែលយើងមានវា»។
យ៉ាងណាមិញសេតវិមានលោក ដូណាល់ ត្រាំ នៅតែអាចបង្ខំឲ្យមានការអនុញ្ញាត បញ្ចេញវ៉ាក់សាំងកូវីដ-១៩ ឲ្យប្រើប្រាស់ជាផ្លូវការ ដោយមិនចំបាច់មានទិន្នន័យសុវត្ថិភាពបន្ថែម ប៉ុន្តែការធ្វើបែបនេះនឹងធ្វើឲ្យមានការខ្វែងគំនិតគ្នា ដោយបើកចំហជាមួយស្ថាប័នជាន់ខ្ពស់របស់ជាតិគឺ FDA និងក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកទាំងឡាយ។ ប្រសិនបើ FDA ត្រូវអនុវត្តតាមគោលការណ៍ណែនាំថ្មីខាងលើនេះ វាច្បាស់ណាស់ថាវ៉ាក់សាំងកូវីដ-១៩ នឹងមិនអាចត្រូវបានអនុម័ត នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នោះឡើយ៕