(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ បានទទូចឲ្យកូរ៉េខាងជើងបន្តគោរពតាមកិច្ចព្រមព្រៀងផ្សេងៗ ដែលបានជួយទប់ស្កាត់មិនឲ្យមានការផ្ទុះអាវុធដាក់គ្នារវាងប្រទេសជិតខាងទាំងពីរ ដែលការស្នើនេះកើតមានឡើង ក្រោយទីក្រុងព្យុងយ៉ាងប្រារព្ធពិធីព្យុហយាត្រាយោធាកាលពីម្សិលមិញ ជាមួយការបង្ហាញវត្តមានអាវុធថ្មីៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០។
កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានរៀបចំពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ក្នុងឱកាសឆ្នាំទី៧៥ នៃការបង្កើតគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង។ ក្នុងនោះមានការបញ្ចេញសព្វាវុធថ្មីៗចម្រុះប្រភេទ រួមមានទាំងមីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក SLBM និងមីស៉ីលផ្លោងឆ្លងទ្វីប ICBM ដែលគេមិនធ្លាប់ឃើញពីមុនមកថែមទៀត។
វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា ទីក្រុងសេអ៊ូលបានបើកកិច្ចប្រជុំបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាអំពីអាវុធនិងសុន្ទរកថារបស់លោក គីម ជុងអ៊ុន។ ជាមួយគ្នានេះ កូរ៉េខាងត្បូងបានបានបញ្ជាក់ថា ខ្លួនសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងនានា ដែលសម្រេចបានរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង សំដៅទប់ស្កាត់ការផ្ទុះអាវុធនិងសង្រ្គាមរវាងប្រទេសទាំងពីរ។
គួរជម្រាបថា ក្នុងការថ្លែងសុន្ទរកថាកំឡុងព្យុហយាត្រាយោធាកាលពីម្សិលមិញ លោក គីម ជុងអ៊ុន បានប្តេជ្ញាបន្តកសាងអានុភាពយោធានៃប្រទេសរបស់លោក ប៉ុន្តែប្រមុខដឹកនាំកំពូលកូរ៉េខាងជើងរូបនេះក៏បានបង្ហាញក្តីសង្ឃឹមដែរថា ប្រទេសទាំងពីរនឹងអាចចាប់កាន់ដៃគ្នាសាជាថ្មី ក្រោយវិបត្តិជំងឺវីរុសកូរ៉ូណាបញ្ចប់ទៅ៕