(ហ្សាការតា)៖ នៅថ្ងៃអាទិត្យនេះ ឥណ្ឌូណេស៉ីបានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន ចំនួន៤,៤៩៧នាក់ ហើយអ្នកជំងឺ៧៩នាក់ទៀតក៏បានស្លាប់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០។
យ៉ាងណាក៏ដោយ នៅថ្ងៃចន្ទស្អែកនេះ រដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៉ីនឹងចាប់ផ្តើមឈានចូលពេលវេលាអន្តរកាល នៃការបន្ធូរបន្ថយដោយសន្សឹមៗនូវចំណាត់ការរឹតត្បិតផ្សេងៗ បន្ទាប់ពីសង្កេតឃើញអត្រានៃការរាតត្បាតហាក់បានអន់ថយនៅទីនោះ។ ទីក្រុងដែលមានប្រជាជនប្រមាណ១១លាននាក់នេះ បានចេញវិធានការរឹតត្បិតសកម្មភាពសង្គមសាជាថ្មី តាំងតែពីពាក់កណ្តាលខែកញ្ញាមក ក្រោយសន្ទុះកើនឡើងខ្លាំងនៃអ្នកឆ្លង COVID-19 បានដាក់បន្ទុកជាទម្ងន់លើសេវាសុខាភិបាលរបស់ខ្លួន។
គួរជម្រាបថា សរុបគិតត្រឹមពេលនេះ ឥណ្ឌូណេស៉ីបានរកឃើញអ្នកឆ្លង COVID-19 ចំនួន៣៣៣,៤៤៩នាក់ ក្នុងនោះស្លាប់១១,៨៤៤នាក់៕