(ប៉េកាំង)៖ ប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកកំពុងតែធ្វើឱ្យអន្តរាយយ៉ាងខ្លាំងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿង បានបើកឆ្លងកាត់ច្រកសមុទ្រនេះ ចំពេលភាពតានតឹងកំពុងតែកើនឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ។ នេះ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។
អ្នកនាំពាក្យនៃទីបញ្ជាការយោធាភាគខាងកើតប្រទេសចិន លោក ចាង ឈុនហ៊ុយ (Zhang Chunhui) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាចិនបាន តាមដាន និងឃ្លាំមើលនាវាពិឃាតអាមេរិក USS Barry មួយគ្រឿង ខណៈនាវានេះបានឆ្លងកាត់ច្រកឆ្លងសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធម្សិលមិញនេះ។ រដ្ឋាភិបាលអាមេរិក នាពេលថ្មីៗនេះ ក៏បានបង្កើនការគាំទ្រដល់កោះតៃវ៉ាន់នេះផងដែរ ដោយសេតវិមានកំពុងតែជំរុញ ការឆ្ពោះទៅរកការលក់អាវុធទំនើបៗឱ្យកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំង យន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9 និងប្រព័ន្ធការពារមីស៊ីលនៅតាមឆ្នេរសមុទ្រ ដើម្បីគាំទ្រនូវអ្វីដែលខ្លួនចាត់ទុកថា តៃវ៉ាន់ជាទីតាំងប្រជាធិបតេយ្យដ៏សំខាន់មួយ។
ទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិពី ការគប់គិតគ្នា ដើម្បីឆ្ពោះការប្រកាសឯករាជ្យជាផ្លូវការ និងបានបង្កើនសកម្មភាពកងទ័ពអាកាសនៅក្បែរ កោះតៃវ៉ាន់ក្នុងគោលបំណងចង់កំញើញ និងបង្ហាញសាច់ដុំ។ លោក ចាង ក៏បានព្រមានឱ្យសហរដ្ឋអាមេរិកបញ្ឈប់ពាក្យសម្ដី និងសកម្មភាពបង្កហេតុរបស់ខ្លួននៅក្នុងតំបន់ ច្រកសមុទ្រតៃវ៉ាន់ទៅ ដោយបន្ថែមថា យោធាចិននឹងការពារយ៉ាងរឹងមាំនូវបូរណភាពទឹកដីរបស់ប្រទេស និងរក្សាសន្តិភាព ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់ ច្រកសមុទ្រតៃវ៉ាន់នោះ។
គួរជម្រាបថា ក្រសួងការពារជាតិតៃវ៉ាន់ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា នាវាចម្បាំង USS Barry បានធ្វើដំណើរតាមទិសដៅភាគខាងជើង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយកងកម្លាំងរបស់ខ្លួនក៏បានតាមដាននាវាចម្បាំងនោះផងដែរ ដែលធ្វើដំណើរជាទម្លាប់ធម្មតា៕