(ញូដេលី)៖ មនុស្សយ៉ាងហោច៤៧នាក់បានស្លាប់ និង៨ម៉ឺននាក់ទៀត ត្រូវបានជម្លៀសទៅកាន់ជំរុំសង្គ្រោះបន្ទាន់ ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តធ្លាក់នៅថ្ងៃទីបួននាថ្ងៃព្រហស្បតិ៍នេះ ដែលបណ្តាលឱ្យមានទឹកជំនន់ជន់លិចភ្លាមៗ នៅភាគខាងត្បូងរដ្ឋថេឡាងហ្គាណា (Telangana) និងរដ្ឋអាន់ដ្រាប្រាដែស (Andhra Prades) ប្រទេស ឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានបង្កើនការប្រកាសអាសន្នរហូតដល់កម្រិតពណ៌ក្រហម ចំពោះគ្រោះទឹកជំនន់ នៅភាគខាងលិចតំបន់ឆ្នេរសមុទ្រកូនកាន់ (Konkan) ទាំងមូល រួមទាំងទីក្រុងម៉ុមបៃ (Mumbai) និងទីក្រុង ថាណេ (Thane)។ កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយ ឬហៅកាត់ថា (NDRF) និងកងទ័ពឥណ្ឌា ក៏ត្រូវបានដាក់ ពង្រាយនៅតំបន់រងគ្រោះខាងលើ ដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះនេះឱ្យបានទាន់ពេលវេលាផងដែរ។
ភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមានគ្រោះទឹកជំនន់នេះ នឹងបន្តប៉ះពាល់ដល់ផ្នែកខ្លះនៃរដ្ឋមហារ៉ាស្រ្តា (Maharashtra) រួមទាំងទីក្រុងម៉ុមបៃ, ទីក្រុងថាណេ និងទីក្រុងពូណេ (Pune) ខណៈ IMD បានព្យាករថាភ្លៀងធ្លាក់ខ្លាំងនេះ នឹងបន្តធ្លាក់នៅតាមតំបន់ខាងលើ រយៈពេលពី២ ទៅ៣ថ្ងៃខាងមុខទៀត។
គួរជម្រាបថា មនុស្ស៣២នាក់បានស្លាប់នៅរដ្ឋ Telangana និង១៥នាក់ទៀត នៅរដ្ឋ Andhra Pradesh ចាប់តាំងពីថ្ងៃអង្គារសប្ដាហ៍នេះមក ដោយសារទឹកជំនន់បង្កឡើង ដោយភ្លៀងធ្លាក់ខ្លាំង៕